បណ្តាញសង្គម

​សម្តេច​ប្រធានព្រឹទ្ធសភា ទទួល​ជួប​ឯកអគ្គរាជទូត តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី​

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យ លោក Ivan Velimir Starčević ឯកអគ្គរាជទូត តែងតាំងថ្មី នៃសាធាររដ្ឋក្រូអាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសនោះ លោក Ivan Velimir Starčević បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេល ដ៏មានតម្លៃ ទទួលជួបលោក នាពេលនេះ។

លោកបានរំលឹក អំពីជំនួបជាប្រវត្តិសាស្ត្រ រវាងអតីតថ្នាក់ដឹកនាំ នៃសាធារណរដ្ឋក្រូអាស៊ី និងព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានរួមចំណែក ដ៏សំខាន់ ដើម្បីបង្កើត និងរឹតចំណងមិត្តភាព

និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តាំងពីទសវត្សរ៍ទី៥០។លោកឯកអគ្គរាជទូត បានកត់សម្គាល់ឃើញថាៈ ប្រទេសកម្ពុជា មានការផ្លាស់ប្តូរ និងរីកចម្រើន លើគ្រប់វិស័យ យ៉ាងឆាប់រហ័ស។

លោកមានជំនឿជឿជាក់ថាៈ ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀត។

តាមរយៈ បេកសកកម្មការទូត របស់លោក នៅព្រះរាជាណាចក្រកម្ពុជា លោកឯកអគ្គរាជទូត ត្រៀមខ្លួន ជាស្រេច ដើម្បីខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ បន្ថែមទៀត។

ក្នុងនាម ព្រឹទ្ធសភា និងសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានស្វាគមន៍ និងអបអរសាទរ ចំពោះ លោក Ivan Velimir Starčević ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋក្រូអាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជាក់ថាៈ ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំបន្តលើកកម្ពស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាគុណប្រយោជន៍ សម្រាប់ ប្រជាជនកម្ពុជា និងប្រជាជនក្រូអាស៊ី ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងនាមព្រឹទ្ធសភា សម្តេចប្រធានព្រឹទ្ធសភា បានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយនឹងលោកឯកអគ្គរាជទូត ដើម្បីរួមចំណែកពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ ទៅវិញទៅមក ជូនប្រជាជន និងប្រទេស ទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូន លោកឯកអគ្គរាជទូត មានសុខភាពល្អបរិបូរណ៍ និង ទទួលបានជោគជ័យ ចំពោះបេសកកម្មការទូត របស់លោក៕

ដកស្រង់ពី៖ រស្មីកម្ពុជា