បណ្តាញសង្គម

៤ឆ្នាំនេះ រដ្ឋាភិបាលផ្តល់ទឹកប្រាក់ជាង៣០លានដុល្លារជូនកម្មករជាស្ត្រីសម្រាលកូនជិត៣០ម៉ឺននាក់

នៅក្នុងរយៈពេល៤ឆ្នាំនេះ គឺគិតចាប់ពីខែមករា ឆ្នាំ២០១៨ ដល់ ខែមីនា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានផ្តល់ទឹកប្រាក់ប្រមាណជាង៣០លានដុល្លារអាមេរិកជូនកម្មករនិយោជិតជាស្ត្រីទាំងក្នុង និងក្រៅប្រព័ន្ធ ដែលសម្រាលកូនចំនួនជិត៣០ម៉ឺននាក់ ។

តួលេខនេះត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហោះនៅក្នុងផេកហ្វេប៊ុកផ្លូវការរបស់ខ្លួននៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ។ក្រសួងការងារបានបន្តថា

ដើម្បីផ្តល់នូវកិច្ចគាំពារសង្គមបន្ថែមរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ដល់កម្មការីនីដែលសម្រាលកូន ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធចំនួន ២៩៩ ៦៥៧ នាក់ ដោយចំណាយថវិកាសរុបចំនួន ១២០ ៦៨០ ៤០០ ០០០ រៀល

ស្មើនឹងប្រមាណ ៣០,១៧ លានដុល្លារអាមេរិក។ការផ្តល់សាច់ប្រាក់ជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូននេះ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាមួយបន្ថែមទៀត ដែលមានឈ្មោះថា

“កម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់កម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន ” ដែលក្នុងនោះ១.សម្រាលបានកូន១នាក់ ទទួលបាន ៤០ម៉ឺនរៀល២. សម្រាលបានកូនភ្លោះពីរទទួលបាន ៨០ម៉ឺនរៀល ៣. សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២សែនរៀល ។

គួរបញ្ជាក់ថា សម្រាប់កម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រសហគ្រាសគ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)

នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃរួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពី (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ៕

ដកស្រង់ពី៖ កម្ពុជាថ្មី