បណ្តាញសង្គម

កម្ពុជា​ទទួល​បានការ​វិនិយោគ​បង្កើតរោងចក្រ​ដំឡើង​បន្ទះ​អេ​ឡិច​ត្រូ​និក ផលិត​បន្ទះ​សូ​ឡា និងអំ​ពូ​ល​ភ្លើង

រាជធានីភ្នំពេញ ៖ គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A10 & A12 ផ្លូវជាតិលេខ ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤៧,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧ កន្លែង ។

នេះជាគម្រោងមួយក្នុងចំណោមគម្រោង ៦ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តនៅដើមខែឧសភានេះ ។ក្រៅពីគម្រោងខាងលើ នៅមានគម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ។

កម្រោងវិនិយោគនេះគ្រោងចំណាយទុន ប្រមាណ ៧១,៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣០៤ កន្លែង នៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ចំណែកគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦១ កន្លែង ។ប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថាគម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះអេឡិចត្រូនិក ក៍ត្រូវបានអនុម័តដែរ ។

គ្រោងនេះ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៩,៦ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥០៥ កន្លែង ។

ចំណែកគម្រោង គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងខ្សែអំពូលភ្លើងតុបតែង និងដើមឈើសិប្បនិម្មិតគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥៦ កន្លែង ។

ចុងក្រោយជា គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងពណ៌លម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់គង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៧៣ កន្លែង ៕

ដកស្រង់ពី៖ កោះសន្តិភាព