បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដឹកនាំ​​កិច្ចប្រជុំ​កំពូល អាស៊ាន-អាមេរិក ថ្ងៃទី១០ឧសភា​

ភ្នំពេញ៖ តាមកម្មវិធី ដែលបានគ្រោងទុក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន នឹងអញ្ជើញទៅដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ពោលគឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំបុណ្យ និងបញ្ចុះសពបងប្រុសរបស់សម្តេច តែមួយថ្ងៃប៉ុណ្ណោះ។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២

បង្ហាញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន និងសហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងទឹកដីអាមេរិក នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីអបអរសាទរទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលមានវ័យ ៤៥ឆ្នាំមកហើយ។

កិច្ចប្រជុំកំពូលពិសេសនេះ គឺជាកិច្ចប្រជុំកំពូលពិសេស លើកទី២ គិតពីឆ្នាំ២០១៦។

សេចក្តីថ្លែងការណ៍ដដែល បញ្ជាក់ថា ថ្នាក់ដឹកនាំអាស៊ាន និងប្រធានាធិបតី ចូ បៃឌិន នឹងពិភាក្សាគ្នាអំពីមធ្យោបាយ និងវិធីសាស្ត្រនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យជាច្រើន រួមមាន ការឆ្លើយតបនឹងជំងឺកូវីដ-១៩ សន្តិសុខ

សុខភាពសកល ការផ្លាស់ប្តូរបញ្ហាអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការអភិវឌ្ឍធនធានមនុស្ស ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ក៏ដូចជាការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងផ្លាស់ប្តូយោបល់គ្នាទៅវិញទៅមក អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងកង្វល់រួមផងដែរ។

លើសពីនេះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក នឹងដាក់ចេញនូវទិសដៅអានាគតនៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។

បន្ថែមពីនេះ នឹងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ សម្រាប់ផលប្រយោជន៍រួមទៅវិញទៅមក នៃប្រជាជនអាស៊ាន និងប្រជាជនសហរដ្ឋអាមេរិក ដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

សូមរម្លឹកថា ពីមុន កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក គ្រោងធ្វើឡើង កាលពីថ្ងៃទី២៨-២៩ ខែមីនា ប៉ុន្តែត្រូវបានលើកពេល

ដោយសារតែថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានមួយចំនួន ជាប់រវល់ មិនអាចអញ្ជើញទៅប្រជុំដោយផ្ទាល់នៅសហរដ្ឋអាមេរិកបានឡើយ៕

ដកស្រង់ពី៖ កោះសន្តិភាព