បណ្តាញសង្គម

អាជ្ញាធរ​មីន ស្នើ UNESCAP ពិចារណា​គាំទ្រ​លើ​ការ​ផ្តល់ជំនួយ​បច្ចេកទេស លើ​សកម្មភាព​មីន​នៅ​កម្ពុជា

ភ្នំពេញៈ លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងក្នុងនាមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ បានស្នើសុំឲ្យ អង្គការUNESCAP ពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យ សកម្មភាពនៅកម្ពុជា។

លោក លី ធុជ បានលើកឡើងដូចនេះ ក្នុងជំនួបសន្ទនាការងារជាមួយលោកស្រី អាមីដា សាលសាហ្វ អាលីចាបាណា ( Armida Salsiah Alisjahbana) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP តាមប្រព័ន្ធវីដេអូរ។

លោកស្រីប្រធាន UNESCAP បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UNESCAP ព្រមទាំងបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដែលនឹងផ្តល់សុន្ទរកថាពិសេសក្នុងកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) និងបានបញ្ជូនគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំនេះ ចាប់ពីថ្ងៃទី២២-២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងបាងកកប្រទេសថៃ នាពេលខាងមុខនេះ។

លោកស្រី បានបញ្ជាក់ទៀតថា «UNESCAP នឹងបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់ តែល្អ ប្រសើរឡើង ជាមួយប្រទេសកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើនរួមមាន វិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឌីជីថល បរិស្ថាន និងការប្រែប្រួល អាកាសធាតុ ជាដើម»។

នាឱកាសនោះដែរ លោក លី ធុជ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ UNESCAP ចំពោះកិច្ចសហប្រតិបត្តិការ ព្រមទាំងបានស្នើសុំជាពិសេសឲ្យ UNESCAP ពិចារណាគាំទ្រលើការផ្តល់ជំនួយបច្ចេកទេសដល់វិស័យ

សកម្មភាពមីននៅកម្ពុជា ដែលរាជរដ្ឋាភិបាលបានដាក់កំណត់ជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ៕

ដកស្រង់ពី៖ រស្មីកម្ពុជា