បណ្តាញសង្គម

ខេត្តបីជាប់មាត់សមុទ្រមានភ្ញៀវទេសចរទៅកម្សាន្តជាង ១០ម៉ឺននាក់ ២ថ្ងៃ ចុងសប្តាហ៍

ខេត្តទេសចរណ៍ជាប់មាត់សមុទ្រចំនួនបី រួមមានខេត្តព្រះសីហនុ ខេត្តកំពត និងកែប នៅតែមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន ក្រោយចូលឆ្នាំខ្មែរ នាថ្ងៃចុងសប្តាហ៍។លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានប្រាប់សារព័ត៌មានថា រយៈពេលពីរថ្ងៃ ចុងសប្តាហ៍កន្លងទៅនេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរប្រមាណ ៦១,០២០នាក់ ខេត្តកំពតមានចំនួន ៣០,៧០៥នាក់ និងខេត្តកែប ២៩,៥០៩នាក់។

ដោយឡែក ភ្ញៀវទេសចរចេញដើរកម្សាន្តនៅទូទាំងប្រទេស នៅថ្ងៃចុងសប្តាហ៍ពីរថ្ងៃនេះ មានចំនួនសរុប ២៩៩,៨៨៨នាក់ ក្នុងនោះភ្ញៀវជាតិ២៨៣,៩៩០នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១៥,៨៩៨នាក់។បើតាមក្រសួងទេសចរណ៍

ក្រោយចូលឆ្នាំខ្មែរ រយៈពេល៣សប្តាហ៍មកនេះ កំណើនចរន្តភ្ញៀវទេសចរផ្ទៃក្នុងរក្សាបានចំនួន ៣០ម៉ឺននាក់ ខណៈដែលមុនពិធីបុណ្យចូលឆ្នាំ ចរន្តភ្ញៀវជាមធ្យមក្នុងចន្លោះ២០-២៥ម៉ឺននាក់។

វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាមាសបៃតង គឺជាវិស័យមួយដែលចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច-សង្គម បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាការនាំចេញនៅនឹងកន្លែង

ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សាអភិរក្សបរិស្ថានឆ្លើយតបនឹងបំរែបំរួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ គិតត្រឹមឆ្នាំ២០១៩ វិស័យទេសចរណ៍កម្ពុជា មានការកើនឡើងគួរឱ្យកត់សំគាល់ ក្នុងអត្រាកំណើនទេសចរអន្តរជាតិជាមធ្យម ១២% ក្នុងមួយឆ្នាំៗ។

បន្ទាប់មកចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២១ វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលចាប់ផ្តើមទទួលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។

ទោះយ៉ាងណា រាជរដ្ឋាភិបាល បានប្រឹងប្រែងទប់ស្កាត់វិបត្តិសកលនេះ រហូតទទួលបានជោគជ័យ។

ជាលទ្ធផលវិស័យទេសចរណ៍ ចាប់ផ្តើមដំណើរការល្អប្រសើរឡើងវិញ ដោយសន្សឹមៗ ខណៈចំណូលពីវិស័យនេះ មានសំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចជាតិ៕

ដកស្រង់ពី៖ កម្ពុជាថ្មី