បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន ៖ រយៈពេល ៣ថ្ងៃហើយ ដែលកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩

នៅក្នុងសារសំឡេងពិសេស នាព្រឹកថ្ងៃទី ១០ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា ថ្ងៃនេះគឺជាថ្ងៃទី ៣ហើយ ដែលព្រះរាជា ណាចក្រកម្ពុជា មិនមានការឆ្លងកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា រយៈពេល ៣ថ្ងៃមកនេះ ទូទាំងប្រទេស គឺមិនមានការឆ្លងមួយករណីណានោះទេ ដែលនេះគឺជាជោគជ័យបានមកពីការខិតខំរួមគ្នា ដែលសម្ដេចត្រូវតែអរគុណចំពោះព្រះសង្ឃ ប្រជាពលរដ្ឋ ដែលបានចូលរួមសហការ ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងគឺជាគន្លឹះដែលធ្វើឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ បើពុំមានការចាក់វ៉ាក់សាំងទេ ប្រជាពលរដ្ឋពិតជារងគ្រោះមហន្តរាយ

ដូចដែលបានកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជា កាលពីឆ្នាំមុន ដែលម៉ោងនេះពេលនេះ គឺកំពុងតែមានការឆ្លង មានការស្លាប់ជារៀងរាល់ថ្ងៃ ហើយគ្រាន់តែរយៈពេលខ្លីប៉ុណ្ណោះ ជំងឺកូវីដ-១៩ បានឆក់យកជីវិតប្រជាពលរដ្ឋប្រមាណជាង ៣ពាន់នាក់ ដែលជាការគួរឲ្យសោកស្ដាយបំផុត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា រហូតមកដល់ពេលនេះ អ្នកជំងឺនៅទូទាំងប្រទេសនៅសល់ប្រមាណ ២០នាក់ប៉ុណ្ណោះ នៅក្នុងមន្ទីរពេទ្យកំពុងព្យាបាល ដែលនេះគឺជាជោគជ័យដ៏ធំធេង។

ប៉ុន្តែទោះជាយ៉ាងណា សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ដោយមិនត្រូវនាំមកវិញ នូវជំងឺដ៏កាចសាហាវនេះនោះទេ។

សម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តទទួលយក នូវវិធានការរបស់សុខាភិបាល ដែលបានដាក់ចេញ ជាមួយនឹងការសប្បាយរីករាយក្នុងការបើកសេដ្ឋកិច្ច សង្គមឡើងវិញ ស្ទើរតែពេញលេញទៅហើយនេះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី