បណ្តាញសង្គម

គ​.​ជ​.​ប អំពាវនាវ​ឲ្យ​ដល់​ពលរដ្ឋ​ត្រៀមខ្លួន ​ដើម្បី​ចូលរួម​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នឹងមក​ដល់​ឆាប់​ៗ

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ត្រៀមខ្លួនឬត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះឲ្យបានគ្រប់ៗគ្នា ។

នេះបើតាមសេចក្តីអំពាវនាវរបស់គ.ជ.ប ។យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ចេញផ្សាយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប បានគូសបញ្ជាក់ថា ៖

«សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃបោះឆ្នោតឲ្យបានគ្រប់ៗគ្នា» ។

ឯកឧត្តមបានលើកឡើងថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព

ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឲ្យបានទាន់ពេលវេលា ។

លោកក៏បានរំលឹកថា ការចេញឯ.អ ចាប់ផ្តើមពីថ្ងៃទី៥ ឧសភា នឹងត្រូវបញ្ឈប់នៅថ្ងៃទី៣ មិថុនា ។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានក៏បានណែនាំប្រធានគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត, មេឃុំ ចៅសង្កាត់ និងមេភូមិត្រូវធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវនេះ ឲ្យបានទូលំទូលាយ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋមកស្នើសុំ ឯ.អ បានទាន់ពេលវេលាដោយឥតបង់ថ្លៃ ។

លើសនេះ ឯកឧត្តម ប្រធាន គ.ជ.ប បានសង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងមេឃុំចៅសង្កាត់នឹងយកចិត្តទុកដាក់ជំរុញ និងពង្រឹងការចេញ ឯ.អ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់របស់ខ្លួន ។

សូមជម្រាបថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល ។

ការបោះឆ្នោតនេះដែរមានគណបក្សនយោបាយចំនួន១៧បានបានចុះឈ្មោះចូលរួមក្នុងការប្រកួតប្រជែងសន្លឹកឆ្នោតគ្នា៕

ដកស្រង់ពី៖ កោះសន្តិភាព