បណ្តាញសង្គម

សម្ដេច​ក្រឡាហោម ស ខេ​ង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់វេទិកា​អុំទូក និង​សំណង់​សិល្បៈ​ផ្សេង​ៗ​នៅ​ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃអង្គារទី១៧ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកម្លាំងដែលបានឈរជើងតាមព្រំដែនរវាងកម្ពុជា និងឡាវ

ដែលកន្លងទៅនេះ បានបំពេញបេសកម្មរបស់ខ្លួនប្រកបដោយជោគជ័យ ដោយធ្វើឱ្យព្រំដែន នៃប្រទេសទាំងពីរ ដែលមានជាប់ពាក់ព័ន្ធខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីផង មានសុខសន្តិភាព ទោះបីថាមានបញ្ហាខ្លះតិចតួច

ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលប្រជាមានិតឡាវ បានយកចិត្តទុកដាក់ ដើម្បីនិងដោះស្រាយបញ្ហាបញ្ចប់ ទោះបីនៅសល់បញ្ហាខ្លះ ដែលយើងត្រូវដោះស្រាយជាមួយគ្នា ប៉ុន្តែឈរលើគោលការណ៍ដោះស្រាយដោយសន្តិវិធី

និងមានការស្រុះស្រួលគ្នា ។ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា បេសកម្មរបស់កងកម្លាំងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ ដែលឈរជើងតាមបន្ទាត់ព្រំដែននេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ ដែលបង្កលក្ខណៈសម្បត្តិ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលមានការពាក់ព័ន្ធរស់នៅ និងប្រកបរបរទទួលទាន បានដោយសុខស្រួល ។

ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអរគុណចំពោះខេត្តចម្ប៉ាសាក់ ក៏ដូចជារដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលតែងតែកម្កល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងព្រះរាជាណាចក្រកម្ពុជា

ហើយជាពិសេសខេត្តដែលជាប់ព្រំដែនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ ដើម្បីទំនាក់ទំនងសហប្រតិបត្តិការ ការជួបគ្នា ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅតាមព្រំដែនស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលឡាវ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ។

ស ម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា សម្តេចពិតជាមានជំនឿយ៉ាងមុតមាំ ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) គឺនៅតែបន្តរក្សាគោលការណ៍កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការនិងការអភិវឌ្ឍន៍បន្តទៅទៀត ។

ដោយឡែក សម្រាប់ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈឡាវ តែងតែប្រកាន់ភ្ជាប់នូវរបបជួបគ្នាប្រចាំឆ្នាំ ទោះបីមានជំងឺកូវីដ-១៩ បានរំខានក៏ដោយ ប៉ុន្តែយើងក៏រកមធ្យោបាយទាក់ទងជួបប្រជុំជាមួយគ្នា តាមអនឡាញនានា

ដើម្បីជជែកផ្លាស់ប្តូរអំពីវឌ្ឍនភាព ឬមួយក៏លទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការឆ្នាំបន្តទៀត ដោយគ្មានការអាក់ខាន ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដែលគាត់មានដើមកំណើត នៅខេត្តចម្ប៉ាសាក់នេះដែរ ហើយក៏បានយកចិត្តទុកដាក់ បង្កលក្ខណៈសម្បត្តិ

និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ពិសេសគឺការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង នឹងបទល្មើសឆ្លងដែន ក្នុងនោះ មានការជួយដូរគ្រឿងញៀន ជាពិសេស គឺគ្រឿងញៀនសំយោគ ដែលខាងមិត្តឡាវ

លោកក៏បានខិតខំបង្ក្រាបបានជាច្រើនករណី ហើយកម្ពុជាយើង ក៏បានបង្ក្រាបជាច្រើនករណី ចំពោះករណីដែលធ្លុះធ្លាយ បានន័យថា លួចលាក់ហូរចូលពីឡាវ ចូលមកកម្ពុជាយើង ក៏បានឯកភាពគ្នាថា

ប្រសិនណាជាគ្មានកិច្ចសហប្រតិបត្តិការទេនោះ គ្រឿងញៀនសំយោគនេះ វាកាន់តែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឡាវ ក៏ដូចជាដល់កម្ពុជាយើងផងដែរ អញ្ចឹងហើយយើងតែងតែរក្សាខ្ជាប់ នូវកិច្ចសហប្រតិបត្តិការនេះ មានឆន្ទៈយ៉ាងមោះម៉ុត

ក្នុងការបន្តកិច្ចសហការក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ជាពិសេសចុងក្រោយនេះ គឺថា បទល្មើសគ្រឿងញៀនសំយោគដែលគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់យ៉ាងខ្លាំង ។

បន្ថែមពីនោះទៀត សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រោមដំបូល នៃសុខសន្តិភាព ស្ថិរភាព នោះយើងអាចនិយាយបានថា កម្ពុជាមានឱកាស ឬដណ្តើមបានឱកាសមាស ឱកាសពេជ្រ ដើម្បីយើងកសាងប្រទេសជាតិ

ដើម្បីយើងអភិវឌ្ឍន៍ប្រទេសជាតិ ពីព្រោះយើងយល់ទាំងអស់គ្នាហើយថា បើស្រុកទេសមានសង្គ្រាម យើងមិនអាចធ្វើអី្វបានទេ រស់នៅផ្ទះក៏មិនបាន បង្កបង្កើនផល ក៏មានការលំបាក កូនចៅមិនអាចទៅរៀនសូត្របាន គ្មានឱកាស

ប៉ុន្តែឥឡូវនេះ យើងមានសុខសន្តិភាព ស្ថិរភាពពេញលេញ ដែលជាឱកាសមាស ឱកាសប្រាក់របស់យើងទាំងអស់គ្នា ដូច្នេះកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រើប្រាស់ នូវឱកាសដ៏ល្អនេះ គឺជាការចាំបាច់សម្រាប់យើងទាំងអស់គ្នា ។

អញ្ចឹងការកសាង ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគនាគមន៍ ឬក៏វិស័យដទៃទៀត ដែលនៅទីនេះ យើងកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវេទិកាបុណ្យអុំទូក វាមិនធំទេ ក៏ប៉ុន្តែវាមានលក្ខណៈថា ជាសមិទ្ធផលមួយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រដែរ ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីពង្រឹងសុខសន្តិភាពអោយបានយូរអង្វែងនោះ យើងទាំងអស់គ្នាត្រូវចូលរួមគាំទ្រ ធ្វើយ៉ាងណាអោយភូមិឃុំ របស់យើងមានសេចក្តីសុខ ធ្វើយ៉ាងណាអោយប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលគ្រប់ថ្នាក់ ក៏ដូចជាមន្ត្រីរាជការគ្រប់ផ្នែក គ្រប់ថ្នាក់ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ពិសេសកម្លាំងប្រដាប់អាវុធ ប្រជាការពារ

ខិតខំប្រឹងប្រែងដើម្បីការពារការិយាល័យបោះឆ្នោត ចាត់ចែងដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដោយរលូន គ្មានអំពើហិង្សារ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិថែមផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព