បណ្តាញសង្គម

រាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការ ជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង

រាជធានីភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូសហការ ជាមួយសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF ) លើការងារផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ,យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតវៃនិងមានចីរភាព។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែឧសភានេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមន៍និយាយភាសាបារាំង(AIMF) នៅសាលារាជធានីភ្នំពេញ។

កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) រួមមាន៖ លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះមហន្តរាយ ,

យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រស្តីពីទីក្រុងឆ្លាតនិងមានចីរភាព។ដំណើរទស្សនកិច្ចការងារ របស់គណៈប្រតិភូសមាគមនិយាយភាសាបារាំង(AIMF) ដឹកនាំដោយលោកព្យែរ ប៊ៃយ៉េនេះ ធ្វើឡើងគោលបំណងចំនួន ៣ ដែលមានដូចជា៖

១-ការអនុម័តលើការងារ នៃគម្រោងកិច្ចសហការរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសហការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគម AIMF ក្នុងការរៀបចំបណ្តាញទីក្រុង អាស៊ីអាគ្នេយ៍ដែលប្រើប្រាស់ភាសាបារាំង នៅក្នុងក្របខ័ណ្ឌដៃគូសហការ យុទ្ធសាស្ត្ររបស់សមាគម AIMF ជាមួយសហភាព អឺរ៉ុប។

ការផ្សព្វផ្សាយឯកសារសិក្សា និងឯកសារយុទ្ធសាស្ត្រដែលបានរៀបចំតាក់តែង និងអនុម័តដោយរដ្ឋបាលរាជធានី ភ្នំពេញ។

២-ការពិនិត្យគម្រោងជាក់ស្តែងដែលកំពុងអនុវត្ត ដោយមានការរៀបចំពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្ម សំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ និងនៅក្រុងសៀមរាប,សាងសង់មជ្ឈមណ្ឌលសហគមមួយកន្លែងនៅភ្នំពេញ ដែលស្ថិតក្នុងក្របខ័ណ្ឌនៃគម្រោង ហិរញ្ញប្បទាន។

៣- ការជួបប្រជុំ និងការបង្ហាញដៃគូសហការអន្តរជាតិនៅកម្ពុជា៖ ជំនួបជាមួយក្រសួងមហាផ្ទៃ, ក្រសួងការបរទេស

និងសហប្រតិបត្តិការអន្តរជាតិ, សហភាពអឺរ៉ុប, ម្ចាស់ជំនួយ និងដៃគូរបស់រដ្ឋបាលរាជធានី ភ្នំពេញ និងខេត្តសៀមរាប, និង ស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។លោក ឃួង ស្រេង មានប្រសាសន៍ថា កាលពីឆ្នាំ ២០១៩ រាជធានីភ្នំពេញ បានធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំសមាគម AIMF លើកទី ៤០ នៅភ្នំពេញ។

នេះជាកិត្តិយស និងជាគុណសម្បត្តិដ៏ធំធេង ដែលរាជធានីភ្នំពេញ បានផ្តល់បទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុង ដែលជាសមាជិកសមាគម AIMF និងទទួលបានការអបអរសាទរយ៉ាងខ្លាំង ព្រោះរាជធានីភ្នំពេញជាទីក្រុង ដែលកើតចេញពីទីក្រុងខ្មោច និងចេញពីចំណុចសូន្យ។

គួរបញ្ជាក់ថា រាជធានីភ្នំពេញ បានចូលជាសមាជិកសមាគម AIMF នៅឆ្នាំ ១៩៩០ និងបានក្លាយជាសមាជិក ការិយាល័យរបស់សមាគមនេះ នៅឆ្នាំ ២០០៣ ដែលក្នុងចំណោម សមាជិកទាំងអស់ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧ រូបប៉ុណ្ណោះ

ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាធិ ការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ រាជធានីភ្នំពេញ ជាសមាជិកតែមួយគត់នៃទ្វីបអាស៊ី ដែលមានសមាសភាពនៅ ការិយាល័យអចិន្ត្រៃយ៍នេះ៕

ដកស្រង់ពី៖ កម្ពុជាថ្មី