បណ្តាញសង្គម

ខេ​ម ជេ​ដ អេ​ស៊ា​និង​គ្លូ​ប​ប៊​ល​ហែល សហការ​ចុះឈ្មោះ​ស្ថាប័ន​សុខភាព មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៅ​កម្ពុជា​ទៅក្នុង GlobalHealth Magazine

ភ្នំពេញ៖ មន្ទីរសម្រាកព្យាបាលស៊ីងមេដខេមបូឌា និង ក្រុមហ៊ុន ខេម ជេដ អេស៊ា បានសហការជាមួយវិទ្យាស្ថានសុខាភិបាលរបស់ប្រទេសសិង្ហបុរី គ្លូបប៊លហែល អាស៊ី ប៉ាស៊ីហ្វិក បានរៀបចំកម្មវិធីចុះឈ្មោះស្ថាប័នសុខភាព(HEALTH DIRECTORY) ដល់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រដែលមានវត្តមានក្នុងប្រទេសកម្ពុជា ទៅក្នុងទស្សនាវដ្តី GlobalHealth Magazine និងប្រគល់ពានរង្វាន់ Global Health Award ឆ្នាំ២០២២ ។

កម្មវិធីនេះ ប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាតភ្នំពេញ ដោយមានការចូលរួមពីលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលផងដែរ ។

លោកស្រី ពិន នេត្រា សហស្ថាបនិករបស់ក្រុមហ៊ុន ខេម ជេដ អេស៊ា( Cam-Jade Asia)និងជានាយិកាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីងមេដខេមបូឌា បានមានប្រសាសន៍ថា៖

«គោលបំណងតែមួយរបស់យើងគឺលើកកម្ពស់ស្តង់ដារមន្ទីរពេទ្យខណ:ពេលដែលពួកគាត់កំពុងខិតខំប្រកួតប្រជែងពីគុណភាពក៏ដូចជាប្រសិទ្ធភាពដែលគួរតែមានការទទួលស្គាល់និងគាំទ្រពីប្រទេសជិតខាង ព្រមទាំងជួយបង្កើតបណ្តាញនិងភាពជាដៃគូលើឆាកអន្តរជាតិ» ។

គួរបញ្ជាក់ថា គ្លូបប៊លហែល អាស៊ីប៉ាស៊ីហ្វីក ជាវិទ្យាស្ថានពហុបំណង (multidimensional) ដែលផ្តោតលើទេសចរណ៍វេជ្ជសាស្ត្រជាមួយនឹងសេវាកម្មនិងវេទិកាពេទ្យដែលគ្របដណ្តប់លើបណ្តាញបោះពុម្ព ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម មានទីតាំងក្នុងប្រទេសសិង្ហបុរី។

នេះជាលើកទីមួយរបស់គ្លូបប៊លហែល អាស៊ីប៉ាស៊ីហ្វិកដែលបានបោះជំហានមកដល់កម្ពុជា ដើម្បីចុះបញ្ជីឈ្មោះស្ថាប័នសុខភាពប្រចាំអាស៊ី ប៉ាស៊ីហ្វិក បន្ទាប់ពីឥណ្ឌា , ថៃ, វៀតណាម,សិង្ហបុរី, ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ។

គ្លូបប៊លហែល អាស៊ីប៉ាស៊ីហ្វិក បានត្រូវគេទទួលស្គាល់ស្គាល់ថាស្ថាប័នកំពូលមួយក្នុងការលើកកម្ពស់ទេសចរណ៍វេជ្ជសាស្ត្រ និងបានទទួលជោគជ័យតាំងពីឆ្នាំ ២០១៦ក្នុងការជួយអ្នកជំងឺអន្តរជាតិស្វែងរកការថែទាំសុខភាពប្រកបដោយគុណភាពនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកលើផ្នែក៖១.ទទួលស្គាល់ចំពោះការច្នៃប្រឌិតដ៍អស្ចារ្យក្រុមហ៊ុនរបស់អ្នក។២.ទាក់ទាញឱកាសអាជីវកម្មថ្មីៗ និង ឈានដល់អតិថិជនសក្តានុពល ។

៣.ត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តី Global health and Travel -Asia-Pacific

។ ៤. ឈានដល់អ្នកដឹក នាំផ្នែកថែទាំសុខភាពនៅអាស៊ីប៉ាស៊ីហ្វិកនិងទី៥-ទទួលស្គាល់ស្ថាប័នរបស់អ្នកជាសេវាថែទាំសុខភាពល្អបំផុតក្នុងតំបន់ ។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា វិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងមានជំនឿជាក់ពីប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន ជាពិសេសនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ដែលមិនអាចឱ្យពលរដ្ឋទៅក្រៅប្រទេសដើម្បីព្យាបាលជំងឺបាន ដូច្នេះជំរើសតែមួយគឺត្រូវព្យាបាលជំងឹនៅក្នុងស្រុក ។

លោកស្រីបានបន្តថា ដំបូងប្រជាពលរដ្ឋមហាក់មានការរារែកចំពោះការព្យាបាលជំងឺនៅក្នុងស្រុកតែពេលទទួលសេវាពីមន្ទីរពេទ្យក្នុងស្រុកពួកគាត់ក៏ចាប់ផ្ដើមមានជំនឿនិងបន្តព្យាបាលនៅក្នុងស្រុកបន្តទៀតហើយក៏មិនចាំបាច់ធ្វើដំណើរទៅកាន់ក្រៅប្រទេសដើម្បីព្យាបាលជំងឺនិងត្រូវអស់ថវិកាច្រើននិងចំណាយពេលវេលាធ្វើដំណើរទៀតដែរ ។

លោកវេជ្ជបណ្ឌិត Ravi Shrestha សហស្ថាបនិកនៃគ្លូបប៊លហែល បានថ្លែងថា៖លោកចង់ឃើញមន្ទីរពេទ្យ គ្លីនិក និងមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់កម្ពុជា មានឈ្មោះនៅក្នុងទស្សនាវដ្តីGlobalHealth Magazine និងផ្សព្វផ្សាយទៅដល់តំបន់

និងពិភពលោក ព្រោះវិស័យសុខាភិបាលកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសគុណភាព និងសមត្ថភាព។គួរម្លឹកថាក្រុមហ៊ុន ខេមជេដ អេស៊ា ខូអិលធីឌី ទទួលបានបានសិទ្ធិផ្ដាច់មុខ ក្នុងការបម្រើសេវាកម្មសុខភាព

និងវេជ្ជសាស្ត្រទេសចរណ៍អន្តរជាតិ ពីក្រុមហ៊ុន គ្លូប៊ល ហែល អាស៊ីប៉ាស៊ីហ្វិក របស់ប្រទេសសិង្ហបុរី និងបានចុះហត្ថលេខាជាផ្លូវការ

និងដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការ នៃសេវាកម្មថែទាំនៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ៕

ដកស្រង់ពី៖ រស្មីកម្ពុជា