បណ្តាញសង្គម

មន្ទីរ​ពហុ​ព្យាបាល និង សម្ភព អ​រៀន​ដា ទទួលបាន​ពានរង្វាន់ មជ្ឈមណ្ឌល​សុខភាព​ស្ដ្រី​ប្រចាំឆ្នាំ​២០២២

ភ្នំពេញ៖មន្ទីរពហុព្យាបាលនិងសម្ភព អរៀនដា ទទួលបានពានរង្វាន់មជ្ឈមណ្ឌលសុខភាពស្ដ្រីប្រចាំឆ្នាំ២០២២(Women’s Health Centre of the year in Cambodia)ពីស្ថាប័នគ្លូប៊ល ហែល អាស៊ី ប៉ាស៊ីហ្វិក(Global Health Asia Pacific) របស់ប្រទេសសិង្ហបុរី។

ការប្រគល់ពានរង្វាន់ Global Health Award 2022 បានត្រូវប្រារព្ធធ្វើឡើងកាលពីរាត្រីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការអញ្ជើញចូលរួមពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល។

លោក Ravi Threstha តំណាងGlobal Health Asia Pacific បានមានប្រសាសន៍ថា៖ពានរង្វាន់នេះពិតជាបង្ហាញនូវមោទនភាពសំរាប់ប្រទេសកម្ពុជា,សេវាសុខាភិ បាល និងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់។

ពានរង្វាន់នេះនឹងបង្ហាញទៅកាន់ពិភពលោកថាប្រទេសកម្ពុជាពិតជាអាចផ្ដល់នៅសេវាសុខាភិបាលដែលល្អទៅកាន់ប្រជាជនគ្រប់រូប មិនតែប៉ុណ្ណោះ ពានរង្វាន់នេះបានបញ្ជាក់ថាអរៀនដាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពិនិត្យ ថែទាំ និងព្យាបាលបានយ៉ាងល្អ។

លោកស្រី គួន លីនគីម ប្រធាននាយកប្រតិបត្តិមន្ទីរពហុព្យាបាលនិងសម្ភពអរៀនដាបានឱ្យដឹងថា៖អរៀនដាជាកន្លែងដែលផ្ដល់នូវសេវាកម្មថែទាំនិងព្យាបាលសម្រាប់ស្ដ្រីគ្រប់រូបចាប់តាំង ពីមុនពេលយកបុត្រ, កំឡុងពេលមានផ្ទៃពោះ, ក្រោយពេលសំរាល និង ការថែទាំសម្រស់ឱ្យស្រស់ស្អាតតាមរយៈការថែទាំពិនិត្យនិងព្យាបាលដោយគ្រូពេទ្យឯកទេសមានជំនាញច្បាស់លាស់ ផ្គួបផ្សំនឹងឧបករណ៏បរិក្ខារទំនើបៗ។

ទាំងនេះហើយដែលធ្វើឱ្យអរៀនដាទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះនិងបង្ហាញថាអរៀនដាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពិនិត្យ ថែទាំ នឹងព្យាបាលបានយ៉ាងល្អបំផុត។

គួររម្លឹកផងដែរថា៖មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា (Orienda Polyclinic and Maternity) នាពេលកន្លងមកថ្មីៗនេះ ក៏បានទទួលវិញ្ញាបនបត្រទទួលស្គាល់ គុណភាពស្ដង់ដារអន្តរជាតិ ISO 9001:2015 ពី VE CERT នៃប្រទេសសិង្ហបុរី ដែលការណ៍នេះផ្តល់ឲ្យ អរៀនដា កាន់តែទទួលបានការទុកចិត្តកាន់តែខ្ពស់ ពីអតិថិជន។

មន្ទីរពហុព្យាបាលនិងសម្ភព អរៀនដា ដែលមានអាសយដ្ឋាន #៩A ផ្លូវ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ គឺជាស្ថាប័នសុខាភិបាលជំនាញឯកជនមួយ ដែលផ្តល់នូវសេវាកម្មជំនាញផ្នែកវេជ្ជសាស្ត្រ ឈានមុខគេនៅកម្ពុជា។

អរៀនដា ផ្តល់ការពិគ្រោះ និងព្យាបាល ទៅលើជំនាញផ្នែកវេជ្ជសាស្ត្រជាច្រើនដូចជា ផ្នែកជំងឺលំបាកមានកូន សម្ភព រោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ និងសេវាសង្គ្រោះបន្ទាន់តាមរយៈយន្តហោះ ដែលរាល់សេវាកម្មទាំងអស់ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់អ្នកជំងឺនាពេលបច្ចុប្បន្ន។

អរៀនដា មានវេជ្ជបណ្ឌិតល្បីៗ ដែលកំពុងបម្រើការក្នុងស្ថាប័នជាតិ និងអន្តរជាតិ ដែលមានជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំ រួមផ្សំជាមួយបរិក្ខាវេជ្ជសាស្ត្រទំនើបៗ បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សម្រាល និងបន្ទប់សម្រាក ត្រូវបានរៀបចំដោយវិស្វករវេជ្ជសាស្ត្របរទេស ដើម្បីផ្តល់បាននូវផាសុខភាព និងគុណភាពនៃការព្យាបាល កម្រិតស្តង់ដារអន្តរជាតិ។

ចំណុចពិសេសៗទាំងអស់នេះ បូករួមនឹងការព្យាយាមយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការផ្តល់សេវាកម្មជូនអ្នកជំងឺគ្រប់រូបប្រកបដោយគុណភាព សុវត្ថិភាព និងវិជ្ជាជីវៈ របស់ក្រុមវេជ្ជបណ្ឌិតជំនាញៗ

និងបុគ្គលិកគ្រប់រូបបានធ្វើឲ្យ អរៀនដា ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ គុណភាពស្ដង់ដារអន្តរជាតិ ISO 9001:2015 ពី VE CERT ប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនអធិការកិច្ច ការផ្ទៀងផ្ទាត់ និងផ្តល់វិញ្ញាបនបត្រឯករាជ្យ ដែលដាក់ពិន្ទុគុណភាពកម្រិតស្តង់ដារអន្តរជាតិ។

សូមជម្រាបដែរថា អរៀនដា បានចាប់ផ្តើមដំណើរការដំបូង ជាគ្លីនិករោគស្ត្រីខ្នាតតូច នៅក្នុងឆ្នាំ២០១៥ ហើយបានពង្រីកខ្លួនជាមន្ទីរពហុព្យាបាល ក្នុងឆ្នាំ២០១៨ ដែលបច្ចុប្បន្នមានបុគ្គលិកបំរើការជាង២០០នាក់រួមមានវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកានិងបុគ្គលិកជំនួយ។

ចាប់តាំងពីបើកសម្ពោធមក អរៀនដា បានធ្វើការពិនិត្យនិងព្យាបាលអ្នកជំងឺបានជាង ២ម៉ឺននាក់។លោកស្រី គួន លីនគីម បានសន្យានឹងដឹកនាំធ្វើឲ្យអរៀនដាកាន់តែល្អប្រសើរជាងនេះ តាមរយៈការបន្តពង្រឹងលើប្រព័ន្ធគ្រប់គ្រង

និងបន្តការអភិវឌ្ឍបន្ថែមនូវសម្ថភាពវេជ្ជបណ្ឌិតជំនាញ គិលានុប្បដ្ឋាយិកា បុគ្គលិកគ្រប់ជាន់ថ្នាក់ និងបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗបន្ថែមទៀត។

លោកស្រីក៏បានបន្ថែមទៀតថា អរៀនដា នឹងបើកសាខាថ្មី១ទៀតដែលជាមន្ទីរពេទ្យអន្តរជាតិជំនាញដែលមានទីតាំងនៅរាជធានីភ្នំពេញ លើដីទំហំ ៥,០០០ម៉ែត្រការ៉េ

និងមានសំណង់អគារទំហំសរុបជាង៣៥,០០០ម៉ែត្រការ៉េ កំពស់២៤ជាន់ ដែលអាចឲ្យយន្តហោះពេទ្យចុះចតបាន នាពេលចុងឆ្នាំនេះ៕

ដកស្រង់ពី៖ រស្មីកម្ពុជា