បណ្តាញសង្គម

​លោក ហ៊ុន ម៉ា​ណែ​ត ៖ “​យុវជន​ត្រូវ​ចងចាំ​ថា មូលដ្ឋាន គឺជា​កម្លាំង​ពិត ដែល​តែង​បាន​គាំទ្រ គណបក្ស​យើង នៅ​គ្រប់ការ​បោះឆ្នោត​”

ភ្នំពេញៈ “ មន្ត្រីគណបក្សប្រជាជនកម្ពុជា បានខិតខំយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋ តាមមូលដ្ឋានជាប់ប្រចាំ ដូចជាភ្លៀងរលឹម ហើយក៏នឹងបន្តខិតខំប្រឹងប្រែង បន្ថែមទៀត ឱ្យស័ក្តិសមទៅនឹងទំនុកទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ យុវជន ត្រូវចងចាំថា មូលដ្ឋាន គឺជាកម្លាំងពិត ដែលតែងបានគាំទ្រគណបក្សយើង នៅគ្រប់ការបោះ ឆ្នោត ព្រោះប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ជាអ្នកដែលរស់នៅ និងបានឃើញ ជាក់ស្តែង នូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, បរិយាកាសភូមិ-ឃុំ មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងការយកចិត្តទុកដាក់ ផ្តល់សេវាសាធារណៈ កាន់តែកៀកជិតនឹងប្រជាពលរដ្ឋ”។

នេះជាការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

នៅក្នុងពិធីសំណេះសំណាល ជាមួយក្រុមជំនួយការលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្តាល កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថាៈ យុវជនគណបក្សប្រជាជនកម្ពុជា មានតួនាទី មិនប្រួលប្រែ ជាមួយបុព្វហេតុឥតងាករេ ក្នុងការបម្រើគណបក្ស អស់រយៈពេលជាង ៧០ ឆ្នាំ កន្លងមកនេះ ហើយក៏នឹងបន្តធានាប្រសិទ្ធភាព

ក្នុងការបំពេញការងាររបស់ខ្លួន ជាពិសេស ក្នុងបរិបទ នៃការវិវឌ្ឍប្រែប្រួលរបស់សង្គមជាតិ ក្នុងនាមជាកោសិកាបន្តវេន ដែលគណបក្ស បានយកចិត្តទុកដាក់ រៀបចំថ្នាល ថែទាំ និងកសាងសមត្ថភាព ជាប់ជាប្រចាំ តាំងពីដើម រៀងមក។

លោកបានសង្កត់ធ្ងន់ថាៈ ការជួបជុំ នាពេលនេះ សរបញ្ជាក់ អំពីការគោរពស្រលាញ់ និងជំនឿទុកចិត្តរបស់ គណបក្សប្រជាជនកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ

និងសមាជិក សមាជិកា ក្រុមជំនួយការ នៃលេខាធិការដ្ឋាន និងបណ្តាផ្នែកចំណុះ នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ដែលបានខិតខំបម្រើស្ថាប័ន ប្រកបដោយមោទកភាព ភាពស្មោះត្រង់ ព្រមជាមួយនឹងឆន្ទៈប្តូរផ្តាច់បម្រើជាតិ

និងប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់គណបក្ស និងមាគ៌ាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញឱ្យឃើញអំពីភាពរឹងមាំ និងដំណើរការ ប្រកបដោយប្រសិទ្ធភាព នៃរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ យុវជនគណបក្ស ប្រជាជនកម្ពុជា ថ្នាក់កណ្តាល ព្រមទាំងជាការបង្ហាញនូវកិត្តិយស

និងមោទកភាពរបស់យុវជន ក្នុងការឈានជើងចូលរួម ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដ៏មានឧត្តមភាព និងប្រកបដោយស្នាដៃ និងគុណបំណាច់ធំធេង ជាប្រវត្តិសាស្ត្រ ជាច្រើនមក។

ជាពិសេស គណបក្សយើង គឺជាមហាគ្រួសារដ៏ធំ ដែលតែងបានប្តេជ្ញាបំពេញភារកិច្ចក្នុងបុព្វហេតុរួម គឺការរក្សាការពារសុខសន្តិភាព សិ្ថរភាព និងការអភិវឌ្ឍជាតិ លើគ្រប់វិស័យ ដើម្បីភាពសុខសាន្ត និងសេចក្តីចម្រុងចម្រើន ជូនប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ រស្មីកម្ពុជា