បណ្តាញសង្គម

លោក ហ៊ុន ម៉ា​នី​៖ «​មេរៀន​ពី​ការឆ្លងកាត់ និង​គ្រប់គ្រង​វិបត្តិ​កូ​វីដ ១៩ នាំមក​នូវ​ស្មា​ម​គ្គី ឯកភាព និង​ការស្រុះស្រួល​គ្នា ជា​ធ្លុង​មួយ ក្នុងនាម​ប្រជាជាតិ​ខ្មែរ​»

ភ្នំពេញៈ ថ្ងៃទី១ ខែមិថុនានេះ គឺជាទិវាកុមារអន្តរជាតិ។ កម្ពុជា ក៏ដូចជាប្រទេស លើសាកលលោក បានប្រារព្ធទិវានេះ ក្នុងគោលបំណង ដើម្បីក្រើនរំលឹក និងបង្កើនការយកចិត្ត ទុកដាក់ ពិសេសចំពោះកុមារ ទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។

ទាក់ទងនឹងទិវាកុមារអន្តរជាតិនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានចែករម្លែក នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់លោក អំពីបទពិសោធន៍ ឆ្លងកាត់របស់លោក នៅក្នុងសង្គម។

លោកបានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកថាៈ បន្ទាប់ពីកម្ពុជា បានបើកដំណើរការ សេដ្ឋកិច្ច សង្គមឡើងវិញ បន្ទាប់ឆ្លងកាត់ពីវិបត្តិ នៃជំងឺកូវីដ១៩ ថ្ងៃនេះ ប៉ាត្រូវរៀបចំកម្មវិធី ខួបកំណើតឲ្យកូនៗ ដោយផ្ទាល់ តែដោយសារការបោះឆ្នោត ជិតមកដល់ ប៉ាសូមអធ្យាស្រ័យ ដោយមិនបាន ចូលរួម ដូចសព្វមួយដង ហើយប៉ា សង្ឃឹមថា យើងនឹងអាចបានជួបគ្នាឆាប់ៗ ។

ក្នុងមួយជីវិតខ្ញុំ ជាង ៤០ឆ្នាំ ជំងឺកូវីដ-១៩ ជាវិបត្តិដែលជះឥទ្ធិពល លើគ្រប់ ទិដ្ឋភាព គ្រប់ទិសទី នៅកម្ពុជា ដែលខ្ញុំមិនធ្លាប់ជួបប្រទះ នៅកម្ពុជា (ខ្ញុំមិនបានឆ្លងកាត់របប ៣ឆ្នាំ ៨ខែ ២ថ្ងៃ ហើយការប៉ះទង្គិច ថ្ងៃ៥-៦ កក្កដា

ដែលកងកម្លាំងខ្មែរក្រហម បានឃុបឃិតជាមួយ គណបក្សមួយ បង្កឲ្យមាន ការវ៉ៃគ្នា នៅភ្នំពេញ ឬព្រឹត្តិការណ៍ ប្រាសាទព្រះវិហារ តាមាន់ តាក្របី ចន្លោះ ២០០៨-២០១២ ដែលស្ថានភាពតានតឹង កើតនៅតាមបន្ទាត់ព្រំដែន ខេត្តព្រះវិហារ ឧត្តរមានជ័យ ជាដើម)។

ការរីករាលដាលជំងឺកូវីដ-១៩ នេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើសកលលោក ទាំងមូល ជាពិសេស ក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ ជំងឺដ៏កាចសាហាវនេះ បានប៉ះពាល់មកលើកម្ពុជា ទាំងលើបញ្ហាសុខភាពសាធារណៈ ដល់ប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ គ្រប់រូបទាំងឪពុក ម្ដាយ យាយ តា ក្មេងៗ ពេលខ្លះដល់ អាយុជីវិតរបស់សមាជិកគ្រួសារ បន្ថែមពីលើការប៉ះពាល់ជីវភាព ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចប្រទេសជាតិទាំងមូល។ ចំពោះកម្ពុជា សមត្ថភាព និងការគ្រប់គ្រងជំងឺកូវីដ អាចចែកចេញជា ២ ដំណាក់ កាល៖

១.) ទប់ស្កាត់ការរីករាលដាល ការពារអាយុជីវិតរបស់ប្រជាជន ក្នុងអំឡុងពេលដែល រាជរដ្ឋាភិបាល មិនមាន វ៉ាក់សាំង និង

២.) ក្នុងពេលមាន វ៉ាក់សាំង រាជរដ្ឋាភិបាលអនុវត្តយុទ្ធសាស្ត្រ ផ្ការីក ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ទាំងមនុស្សធំ និងកុមាររហូតបង្កើតបានភាពស៊ាំ សហគមន៍ និងបើកសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ សិស្សានុសិស្ស កុមារា កុមារី បានចូលរៀនដោយផ្ទាល់ជាថ្មី និងឈានជាបន្តបន្ទាប់ មករកប្រក្រតីភាព នៃជីវភាពប្រចាំថ្ងៃ។

គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ អត្រាឆ្លងនៅកម្ពុជា មានចំនួន ១៣៣.២០១ នាក់ និងស្លាប់ ៣.០៥៦ នាក់ ដែលជាការសោកស្ដាយ យ៉ាងពន់ ពេក ចំពោះការបាត់បង់អាយុជីវិត។ ទោះយ៉ាងណាក្ដី បើប្រៀបធៀប ប្រទេសដទៃ យើងទទួលបានជោគជ័យខ្ពស់ ក្នុងការការពារ អាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ដោយទប់ស្កាត់បានការស្លាប់ ពីជំងឺកូវីដ-១៩ ជាអតិបរមា។

លោក ហ៊ុន ម៉ានី បានលើកឡើងថាៈ «លទ្ធផលដែលយើងសម្រេចបាន គឺចេញពីសាមគ្គី ឯកភាព ការយោគយល់ ពួតដៃគ្នា ស្មាកៀកស្មា ជាសង្គម ជាតិតែមួយ»។

ក្នុងនោះភាពហ្មត់ចត់ បទពិសោធន៍ ភាពទទួលខុសត្រូវ និងដាក់អាទិភាពខ្ពស់បំផុត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការការពារ អាយុជីវិតរបស់ប្រជាជនកម្ពុជា។ ការជឿជាក់ ការលះបង់

និងការចូលរួម របស់គ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ វិស័យឯកជន ជាពិសេស លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ដោយប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ-១៩ ដូចគ្នា។

អ្នកទាំងអស់គ្នា បានពុះពារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការគ្រប់គ្រងមុខសញ្ញាវិជ្ជមាន ជំងឺកូវីដ-១៩ ពីដើមទី ការព្យាបាល ការសង្គ្រោះអ្នកជំងឺ ដែលមាន លក្ខណៈ ធ្ងន់ធ្ងរ ហើយបន្តក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបន្ថែមទៀត។

ក្នុងនោះដែរ ការអត់ធ្មត់ ការយោគយល់ ការជឿជាក់ និងការចូលរួម ពីសំណាក់ បងប្អូនប្រជាពលរដ្ឋ គឺពិតជាលក្ខខណ្ឌ មិនអាចខ្វះបាន ក្នុងការឆ្លងកាត់វិបត្តិ កូវីដ-១៩ ជាពិសេសក្នុងដំណាក់កាលដ៏លំបាក ចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ រហូតដល់ពេលនេះ ដែលធ្វើឲ្យស្ថានភាពសង្គម សេដ្ឋកិច្ច កាន់តែប្រសើរឡើង ជាបន្តបន្ទាប់។

ទោះយ៉ាងណាក្ដី យើងមិនអាចបំភ្លេចបាន នូវអ្វីដែលបានកើតឡើង ក្នុងដំណាក់ កាល ២ ឆ្នាំ នៃការវាយប្រហារ របស់ជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរ ដែលក្នុងនោះ មុនវ៉ាក់សាំង និងមុនមានភាពស៊ាំ សហគមន៍ យើងគ្រប់ៗគ្នា ក្រុមគ្រួសារនីមួយៗ តែងតែគិតគូរ បារម្ភ ថាតើជំងឺកូវីដ-១៩ នឹងអាចឆ្លងក្រុមគ្រួសាររបស់យើងទេ?

ក្នុងនោះ តើធ្វើយ៉ាងណា ចំពោះគ្រួសារខ្លះ ដែលមានសមាជិកឆ្លង ហើយ គ្រួសារខ្លះទៀត ក៏បានបាត់បង់សមាជិក ជាទីស្រឡាញ់របស់ខ្លួន ដោយជំងឺ ដ៏កាចសាហាវនេះ។

ការគិតគូរ និងការបារម្ភជាបន្តបន្ទាប់ ក្នុងការស្វែងរកថ្នាំ ព្យាបាល ជំងឺកូវីដ-១៩ ការបញ្ជូនសមាជិកគ្រួសារទៅព្យាបាល ការទន្ទឹងតាម ដានសុខភាព ពីសមាជិកគ្រួសារ ដែលមានជំងឺកូវីដ-១៩ ហើយបន់ស្រន់

ធ្វើម៉េចឲ្យជាសះស្បើយ ពីជំងឺកាចសាហាវនេះ រហូតដល់រឿងរ៉ាវសោកនាដកម្ម ជាច្រើនរបស់គ្រួសារ ដែលបាត់បង់សមាជិកខ្លួន ដែលទាំងអស់នេះ បានឆ្លុះបញ្ចាំងពីការលំបាករួម ដែលសង្គមបានឆ្លងកាត់។

សោកនាដកម្ម និងវិបត្តិ ដែលខ្ញុំបានសង្កេតឃើញ ក្នុងដំណាក់កាល ២ ឆ្នាំនេះ ក៏បានឆ្លុះបញ្ចាំង ពីសាមគ្គីភាព ភាតរភាព ការជួយយកអាសារគ្នា ទៅវិញទៅមក និងការខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាល ការចូលរួមគ្រប់តួអង្គ គ្រប់រូបភាព

ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការឆ្លងកាត់ វិបត្តិនេះ ទាំងអស់គ្នា ជាពិសេស ក្នុងនោះយើងសង្កេតឃើញថា អង្គការ សមាគមជាច្រើន សប្បុរសជនដែលមានលទ្ធភាពខុសៗគ្នា តិចក្ដី ច្រើនក្ដី បានចូលរួមវិភាគ ទានរបស់ខ្លួន ចែករំលែក

ដើម្បីរួមគ្នា ក្នុងកាលៈទេសៈដែលលំបាក ក្នុងនោះក្រុមគ្រួសារខ្លះ អាជីវកម្មមួយចំនួន បានរៀបចំជាអង្ករ ត្រីខ ត្រីងៀត និងសម្ភារៈតិចតួចផ្សេងៗទៀត ដាក់មុខផ្ទះ ចែកចាយដោយ មិនមានភាព រើសអើង ដែលនេះជាការឆ្លុះបញ្ចាំងពីទឹកចិត្ត និងការចេះជួយគ្នាទៅវិញទៅមក។

២ ឆ្នាំកន្លងទៅនេះ បានផ្ដល់ជាមេរៀន ក៏ដូចជាភាពជឿជាក់ ចំពោះអនាគត កម្ពុជា ដោយសង្កេត ឃើញថា សង្គមកម្ពុជា ប្រជាជនកម្ពុជា ចេះយោគយល់ និងចូលរួមជាមួយគ្នា ផ្ដល់ជំនឿទុកចិត្ត លើរាជរដ្ឋាភិបាល ហើយចេះជួយ យកអាសារ គ្នាទៅវិញទៅមក ដោយមិនប្រកាន់ និងមិនរើសអើង តាមលទ្ធភាព ច្រើនជួយច្រើន តិចជួយតាមតិច

ដែលឆ្លុះបញ្ចាំងពីសង្គម ប្រពៃណីរបស់ យើង ពីវប្បធម៌នៃការចែករំលែក និងចេះជួយគ្នា ជាពិសេសក្នុងពេលដែលសង្គម ជាតិទាំងមូល ឆ្លងកាត់វិបត្តិ។

ក្នុងន័យនេះ ខ្ញុំសូមរំឭក និងបន្តគាំទ្រប្រសាសន៍របស់ សម្តេចតេជោ នាយក រដ្ឋមន្ត្រី ក្នុងការថ្លែង អំណរគុណប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ វិស័យឯកជន យុវជនស្ម័គ្រចិត្ត ជាពិសេសលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ក្នុងការសហការ ជឿជាក់ ធ្វើការងារ ស្រុះដៃគ្នា និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងដំណាក់ កាលលំបាក។

ខ្ញុំពិតជាមានមោទនភាព ក្នុងនាមជាពលរដ្ឋខ្មែរ ដោយបានឃើញ និងសង្កេត តាមរយៈការឆ្លងកាត់វិបត្តិកូវីដ-១៩ ដែលលេចចេញពីសាមគ្គីភាព បង្ហាញពីក្ដី សង្ឃឹម ដែលទោះកាលៈទេសៈណា សាមគ្គីភាព ភាតរភាព ការយោគយល់ ជួយគ្នាទៅវិញទៅមក ក្នុងសង្គមខ្មែរ ពិតជាមានពិតប្រាកដ។

ការចូលរួមទាំង អស់នេះហើយ ដែលបានអនុញ្ញាតឲ្យ កម្ពុជា ទទួលបានជោគជ័យយ៉ាង ត្រចះត្រចង់ ហើយទទួលបានភាពល្បីរន្ទឺ លើឆាកអន្តរជាតិ ចំពោះសមត្ថភាព ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ របស់កម្ពុជា ជាពិសេសបាននាំឲ្យសង្គម សេដ្ឋកិច្ចកម្ពុជា ដំណើរការជាប្រក្រតីឡើងវិញ បានឆាប់រហ័ស យើងក៏បាន ជួបជុំគ្នា សប្បាយរីករាយសារថ្មី។

យើងខិតខំប្រឹងប្រែងថ្ងៃនេះ ដើម្បីអនាគតកាន់តែល្អ ដល់កូនចៅយើងគ្រប់ៗគ្នា បន្តទៀត ដែលបច្ចុប្បន្នជាកុមារ។ ការយកចិត្តទុកដាក់លើកុមារ គឺជាការ វិនិយោគ សម្រាប់អនាគតមួយ ដ៏ត្រឹមត្រូវ ព្រោះនេះជាទំនួលខុសត្រូវ របស់យើងទាំងអស់គ្នា។ នេះជាប្រពៃណីរបស់ គណបក្សប្រជាជនកម្ពុជា៕

ដកស្រង់ពី៖ រស្មីកម្ពុជា