បណ្តាញសង្គម

អាជ្ញាធរ​ខេត្តសៀមរាប ពិនិត្យ​ការ​កាត់​ឆ្វៀល​ដី​តំបន់​៣ ក្នុង​ក្រុង ស្រុក​ចំនួន​ប្រាំមួយ​ជាប់​បឹង​ទន្លេសាប​

សៀមរាប៖កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២២នេះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំប្រជុំត្រួតពិនិត្យដើម្បីធ្វើការកាត់ឆ្វៀលដីតំបន់៣ ដើម្បីសុំគោលការណ៍កាត់ឆ្វៀលដីចេញពីតំបន់៣ ជូនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់និងអាស្រ័យផលបន្ត ដែលពួកគាត់រស់នៅអាស្រ័យផលមុនឆ្នាំ២០១២។

កិច្ចប្រជុំនេះមានមានចូលរួមពី លោក លោកស្រី ជាគណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ទីចាត់ការ និង អាជ្ញាធរក្រុង ស្រុក លោក លោកស្រីជាមេឃុំ និង ចៅសង្កាត់ផងដែរ ។

លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្ត បានបង្ហាញនូវគំនូសប្លង់ដីនៅតំបន់៣ជាប់បឹងទន្លេសាប ដើម្បីសុំគោលការណ៍កាត់ឆ្វៀលចេញជូនប្រជាពលរដ្ឋ ទៅតាមភាពជាក់ស្តែង ដែលពួកគាត់រស់នៅជាអចិន្ត្រៃយ៍ និងប្រើប្រាស់អាស្រ័យផលក្នុងមូលដ្ឋាន ដែលមានក្រុង ស្រុកប្រាំមួយ ជាប់បឹងទន្លេសាប មាន ស្រុកជីក្រែង ,សូទ្រនិគម , ប្រាសាទបាគង ,ក្រុងសៀមរាប ,

ស្រុកពួក និងស្រុកក្រឡាញ់ ដែលមានផ្ទៃដីប៉ះពាល់ចំនួនសរុប ៣.២៤១ហិកតា និង កាត់ឆ្វៀលកន្លងមកមានទំហំ៨.៦៨៦ ហិកតា ។ក្

នុងនោះដែរក៏បានធ្វើការបង្ហាញនូវទីតាំង ដែលប្រជាពលរដ្ឋ រស់នៅជាអចិន្ត្រែយ៍ និង អាស្រ័យផលស្ថិតនៅក្នុងដីតំបន់៣ មានឃុំ ពោធិទ្រាយ ស្រុកពួក , សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ,

ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។

លោក ទៀ សីហា បានថ្លែងអំណរគុណដល់ក្រុមការងារ និង អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ដែលបានខិតខំប្រឹងប្រែងប្រមូលទិន្នន័យក្រុមគ្រួសារ ផ្ទៃដី ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងភូមិអាករដែលបងប្អូនរស់នៅជាយូរមកហើយ។

លោកក៏បានបញ្ជាក់អំពីនិតិវិធីក្នុងការកាត់ឆ្វៀលដី ដែលជាបញ្ហាស្មុកស្មាញមួយ ដែលបងប្អូនមួយចំនួនមានទីលំនៅ លើផៃ (ផ្ទះលើទឹក) តែពួកគាត់ត្រូវការដីបង្កបង្កើនផល និង មួយចំនួនត្រូវការដីសង់លំនៅដ្ឋាននិងបង្កបង្កើនផល ក្នុងករណីទាំងនេះគឺ ត្រូវទាមទារការត្រួតពិនិត្យឲ្យបានស៊ីជម្រៅ ក្នុងការដោះស្រាយជូនបងប្អូន ។

លោកបញ្ជាក់ថា ក្នុងករណីដោះស្រាយនេះ គឺមិនបានទៅតាមសំណូម១០០ភាគរយនោះ ឡើយ ដោយតំបន់មួយចំនួនដែលត្រូវចាំបាច់ត្រូវប្រគល់ជូនពួកគាត់។កន្លែងខ្លះទៀតដែលបានកាប់ទន្ទ្រានក៏យើងមិនអាចប្រគល់ជូនបានឡើយ ។

ក្នុងកិច្ចប្រជុំនោះដែរលោកបានឯកភាពចំពោះក្រុមគ្រួសារ បានបំបែកសមាជិកគ្រួសារ និងត្រូវការទីជម្រករស់នៅ ។

លោកបានគូសបញ្ជាក់ថា នៅពេលខាងមុខក្រុមការងារ និង ធ្វើកិច្ចប្រជុំដើម្បីកំណត់តំបន់២ និង តំបន់១ ដែលនឹងសម្រេចនៅពេលឆាប់ៗនេះ ដោយតំបន់២និងក្លាយជាតំបន់១ ឬក៏រក្សាទុកជាតំបន់២ អាស្រ័យផល ដដែល និងឈានដល់ការផ្តល់ប័ណ្ណកម្មសិទ្ធិទៀតផង ៕

ដកស្រង់ពី៖ រស្មីកម្ពុជា