បណ្តាញសង្គម

សម្ព័ន្ធ Joining Forces អំពាវនាវ​ឱ្យ​គាំទ្រ​សិទ្ធិ​កុមារ បន្ទាប់ពី​វិបត្តិ​កូ​វីដ​១៩ ដែល​បង្ក​ការប៉ះពាល់ ទាំង​ផ្លូវចិត្ត និង​ការសិក្សា​របស់​កុមារ​

ភ្នំពេញ៖ ក្នុងថ្ងៃទិវាកុមារអន្តរជាតិថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ នេះ Joining Forces ដែលជាសម្ព័ន្ធភាពសកល នៃអង្គការអន្តរជាតិ មិនមែនរដ្ឋាភិបាល ធ្វើការផ្នែកសិទ្ធិកុមារ ធំជាងគេទាំងប្រាំមួយ បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងកិច្ចគាំទ្រសិទ្ធិកុមារ បន្ទាប់ពីវិបត្តិកូវីដ ១៩។

បើយោងតាមសេចក្តីថ្លែងការណ៍សម្ព័ន្ធ Joining Forces បានបញ្ជាក់ថាៈ ក្នុងការស្ទង់មតិមួយ ត្រូវបានធ្វើឡើង ក្នុងចំណោមកុមារ និងយុវជនចំនួន ៥៣ នាក់ រស់នៅក្នុងខេត្តចំនួន១៣ ទូទាំងប្រទេស ដោយមានការគាំទ្រ ពីអង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា (CRC-Cambodia) ក្នុងខែឧសភា ឆ្នាំ២០២២។

ក្នុងនេះ គេបានធ្វើការពិភាក្សា ជាក្រុម ក៏ត្រូវបានធ្វើឡើង ជាមួយកុមារចំនួន ២៤នាក់ ដែលមានអាយុពី ១២ឆ្នាំ ទៅ១៦ឆ្នាំ នៅខេត្តក្រចេះ សៀមរាប និងបាត់ដំបង។ជាលទ្ធផល ឃើញថា បើទោះបីជាពួកគេ បានត្រឡប់ទៅរកការរស់នៅ ធម្មតាវិញក៏ដោយ ជាង ៧០ ភាគរយនៃកុមារ និងយុវជន ដែលបានផ្តល់ការស្ទង់មតិ បានអះអាងថា ពួកគេ មានអារម្មណ៍តានតឹង និងព្រួយបារម្ភ អំពីអនាគត។

នៅក្នុងការស្ទង់មតិនោះ កុមារ បានលើកឡើង ពីមូលហេតុសំខាន់ៗ ចំនួន៣ ដើម្បីបកស្រាយពីអារម្មណ៍ទាំងនេះ រួមមាន ភាពតានតឹង ដោយសារការលំបាក ផ្នែកសេដ្ឋកិច្ចក្នុងគ្រួសារ បញ្ហាប្រឈមក្នុងការតាមទាន់ ការសិក្សា បន្ទាប់ពីរយៈពេល២ឆ្នាំ ដែលមានលក្ខណៈមិនប្រក្រតី និងការកើនឡើង នៃអំពើហិង្សាផ្លូវចិត្ត ក៏ដូចជា ការរើសអើងលើយេនឌ័រ។

ប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថាៈ បើទោះបីជាមានការគ្រប់គ្រង ដោយជោគជ័យ លើការរាតត្បាតនៃជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការដាក់ឱ្យប្រើប្រាស់ ទាន់ពេលវេលានូវ កម្មវិធីផ្ទេរសាច់ប្រាក់ជាតិ សម្រាប់គ្រួសារក្រីក្រក៏ដោយក្តី ក៏គ្រួសារដែល ងាយរងគ្រោះ នៅតែជួបប្រទះនឹងការលំបាក ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ទៅដល់ សមត្ថភាពគ្រប់គ្រង តម្រូវការមូលដ្ឋានរបស់ពួកគេ។

ប្រហែល ៨០ ភាគរយ នៃកុមារ និងយុវជន ដែលផ្តល់សម្ភាសន៍ បានលើកឡើងថា ឪពុកម្តាយរបស់ពួកគេ ជួបប្រទះបញ្ហា ផ្នែកសេដ្ឋកិច្ច ជំពាក់បំណុលគេ ឬកំពុងជួបបញ្ហា ជាមួយនឹងការចំណាយប្រាក់ សម្រាប់តម្រូវ ការមូលដ្ឋាន ដូចជាអាហារ ការដឹកជញ្ជូន និងថ្លៃសាលា។

នេះបណ្តាលឱ្យមានសម្ពាធ ដោយផ្ទាល់ និងដោយប្រយោលលើកុមារ និងយុវជន ដែលមានអារម្មណ៍ថា ពួកគេ មានកាតព្វកិច្ចរកប្រាក់ចំណូល ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីផ្គត់ផ្គង់គ្រួសារ របស់ពួកគេ។

គួរបញ្ជាក់ថា ចំពោះរបាយការណ៍សង្ខេប ឆ្លុះបញ្ចាំងស្តីពី«ការវិលត្រឡប់ទៅកាន់សាលារៀន វិញ ដោយសុវត្ថិភាពនៅទូទាំងប្រទេសកម្ពុជា»

ដែលចេញផ្សាយ ដោយអង្គការ Save the Children ប្រចាំកម្ពុជា ក្រោមកិច្ចសហការ ពីសមាជិកនៃសម្ព័ន្ធ Joining Forces អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងភាពជាដៃគូអប់រំ នៃអង្គការក្រៅរដ្ឋាភិបាល ក្នុងឆ្នាំ២០២១ បានបង្ហាញថា កុមាររហូតដល់ ១០ ភាគរយ ប្រឈមហានិភ័យ នៃការមិនត្រឡប់ ទៅសាលារៀនវិញ។

ជាមួយគ្នានេះ ប្រហែល ៤៥ ភាគរយ កុមារដែលផ្តល់ការស្ទង់មតិ បាននិយាយថា ពួកគេ អាចតាមទាន់ការសិក្សារបស់ពួកគេ ដោយផ្នែកខ្លះៗ ចាប់តាំងពីការបើកសាលារៀនឡើងវិញ ដោយសារតែគុណភាព នៃការអប់រំ ដែលពួកគេទទួលបានតាមអ៊ីនធើណេត គឺទាបជាង បើប្រៀបធៀបទៅនឹងការសិក្សាផ្ទាល់។ការវាយតម្លៃការសិក្សា

ដែលធ្វើឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ បានបង្ហាញឱ្យឃើញថា សិស្សកម្ពុជា ថមថយការយល់ដឹង ផ្នែកភាសាខ្មែរ និង គណិតវិទ្យា បើប្រៀបធៀបទៅនឹងការវាយតម្លៃ ចុងក្រោយដែលបានធ្វើឡើង ក្នុងឆ្នាំ២០១៦។

ជាចុងក្រោយ កុមារ និងយុវជន ក៏បានរាយការណ៍ ពីកម្រិតគួរឱ្យព្រួយបារម្ភ នៃបញ្ហាសុខភាព ផ្លូវចិត្ត។ ៦៧ ភាគរយ នៃអ្នកផ្តល់ការស្ទង់មតិ បានរាយការណ៍ អំពីអំពើហិង្សាផ្លូវអារម្មណ៍ មួយចំនួន ដូចជាត្រូវបានគេចំអក បៀតបៀន ឬស្រែកដាក់ មិនថានៅផ្ទះ ឬក្នុងសាលារៀន ខណៈដែល ១៥ ភាគរយផ្សេងទៀត

បានរាយការណ៍ អំពីអំពើហិង្សាលើរាងកាយ។ការគូសបញ្ជាក់ជាវិជ្ជមាន ពីការពិគ្រោះយោបល់ បង្ហាញថា កុមារ និងយុវជន បានដឹងពីសិទ្ធិ ផ្ទាល់ខ្លួនរបស់ពួកគេ

និងអាចកំណត់បាន នៅពេលដែលការរើសអើង កើតឡើងចំពោះខ្លួនគេ ឬមិត្តភក្តិរបស់ពួកគេ។ ២១ ភាគរយ នៃអ្នកផ្តល់ការស្ទង់មតិ បានរាយការណ៍ថា ពួកគេ បានប្រឈមនឹងការរើសអើង រួមទាំងចំពោះកុមារ ដែលមានអត្តសញ្ញាណយេនឌ័រចម្រុះ ផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា