បណ្តាញសង្គម

CDC ៖ សង្ស័យជំងឺអុតស្វា៦ករណី តែលទ្ធផល តេស្តអវិជ្ជមានទាំងអស់​​

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលរកឃើញសង្ស័យកើតជំងឺអុតស្វា៦ករណី តែជាលទ្ធផលចេញពីមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័របង្ហាញថា អវិជ្ជមានទាំងអស់ ។

យោងតាមបណ្តាញសង្គមរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានបញ្ជាក់នៅថ្ងៃទី២ មិថុនា ឆ្នាំ២០២២ថា ៖

«យើងរកឃើញករណីសង្ស័យជំងឺអុតស្វាចំនួន ៦ករណី តែក្រោយធ្វើតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់មានន័យថា គ្មានជំងឺនេះក្នុងប្រទេសយើងទេ រហូតពេលនេះ» ។

ប្រភពបានឲ្យដឹងថា ករណីសង្ស័យជំងឺនេះមានកន្ទួល ឬពងបែកលើដៃ បាតដៃ ជើង បាតជើង ឬលើមុខ និងមានរោគសញ្ញាមួយ ឬច្រើនដូចខាងក្រោម : គ្រុនក្តៅលើស ៣៨.៥ អង្សាសេ ឈឺសាច់ដុំ ឡើងកូនកណ្តុរ ឈឺក្បាល ឈឺខ្នង សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត ឬទូរស័ព្ទទៅលេខ ១១៥ ។

បើតាមឯកឧត្តម លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «យើងរកឃើញករណីសង្ស័យ ចំនួន៦នាក់ មិនមែនបញ្ជាក់ជំងឺអុតស្វានោះទេ ។ ក្នុងនោះ៥នាក់ជាមនុស្សធំ និងម្នាក់ជាកូនក្មេង ។

ប៉ុន្ដែលទ្ធផលធ្វើតេស្ដនៅមន្ទីរពិសោធន៍បញ្ជាក់ថា អវិជ្ជមាន» ។ ឯកឧត្តមបន្ដថា ករណីដែលសង្ស័យនេះ មិនមែនជាករណីនាំចូលនោះទេ ពោលរកឃើញប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកតែម្ដង ហើយពួកគាត់មិនមានប្រវត្តិធ្វើដំណើរចេញទៅក្រៅប្រទេសនោះឡើយ ។

ពួកគាត់ទាំង៦នាក់នោះ បានចេញរោគសញ្ញាសង្ស័យ ដូចជា កន្ទួល ពងបែកនៅលើស្បែក បាតដៃ បាតជើង និងលើមុខជាដើម ក្នុងនោះក៏មានគ្រុនក្ដៅ ឡើងកូនកណ្ដុរ ឈឺខ្នង ឈឺសាច់ដុំ ។

បើទោះបីលទ្ធផលសង្ស័យដំបូង «អវិជ្ជមាន» ក៏ពិតមែន ប៉ុន្ដែមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា មន្ដ្រីសុខាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើអ្នកដំណើរដែលចូលមកប្រទេសកម្ពុជាទាំងអស់ ជាពិសេសអ្នកដែលមកពីប្រទេសដែលកំពុងរាតត្បាតក្នុងនោះរួមមាន អាហ្វ្រិក អឺរ៉ុប និងកាណាដាជាដើម ។

លោកអះអាងបែបនេះ «យើងនៅបន្ដពង្រឹងបន្ដទៀតក្នុងការតាមដាននេះ ជាពិសេសអ្នកធ្វើដំណើរមកពីស្រុកក្រៅ ។

ហើយបើពួកគាត់មានរោគសញ្ញាសង្ស័យ សូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យដែលនៅជិតបំផុត ឬទូរស័ព្ទលេខ ១១៥» ។

មន្ដ្រីជំនាញសុខាភិបាលរូបនេះបានពន្យល់ថា ជំងឺអុតស្វានេះ គឺប្រភពចម្លងមកពីសត្វព្រៃ ពិសេសករណីត្រូវបានរកឃើញជាប្រចាំនៅអាហ្វ្រិក ប៉ុន្ដែក្រោយមកបានឆ្លងរីករាលដាលទៅកាន់ប៉ែកអឺរ៉ុប ហើយឆ្លងសហគមន៍តែម្ដង ។

ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំប៉ះពាល់ ឬបរបាញ់សត្វព្រៃ ដើម្បីយកមកទទួលទានជៀសវាងការចម្លងជំងឺទាំងឡាយដែលអាចកើតមានឡើង៕

ដកស្រង់ពី៖ កោះសន្តិភាព