បណ្តាញសង្គម

អភិបាល​រាជធានី សរសើរ​មន្ត្រី​របស់ខ្លួន ដែល​បាន​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ បាន​ជោគជ័យ​

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីរាជធានីភ្នំពេញ បានសម្តែងនូវ ការកោតសរសើរ យ៉ាងខ្លាំងចំពោះ មន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកអស់ កម្លាំងកាយចិត្ត ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយសម្តេច តេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលធ្វើឱ្យជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៦ ថ្ងៃនេះ មិនមានឆ្លងថ្មី ។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះ សំណាលជាមួយ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថាៈ ការជោគជ័យទៅលើការ គ្រប់គ្រង ជំងឺកូវីដ-១៩ តាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺពិតជាមានការចូល រួមចំណែក មិនអាចខ្វះបាន ពីបងប្អូនមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ

បើទោះបីបង ប្អូនមួយចំនួន បានឆ្លងនូវជំងឺកាចសាហាវ នេះក៏ដោយ ក៏បងប្អូនមិនរុញរា តស៊ូជា មួយសម្តេចតេជោ ហ៊ុន សែន រហូតទទួលបានជោគជ័យ ដែលបានធ្វើឱ្យប្រទេសជាតិ វិលទៅរកប្រក្រតីភាព ជាធម្មតាឡើងវិញ។

លោក ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះមន្ត្រីរដ្ឋបាលរាជធានី ភ្នំពេញផងដែរ ដែលបានបំរើសេវាយ៉ាងល្អ ជូនប្រជាពលរដ្ឋ ហើយលោកសូម ឱ្យបន្តខិតខំបំរើសេវានេះ ឱ្យកាន់តែល្អបន្ថែមទៀត។

បន្ថែមពីនេះ លោក ឃួង ស្រេង សូមឱ្យបងប្អូនជាមន្ត្រីទាំងអស់ ត្រូវទៅបំពេញតួនាទី ជាប្រជាពលរដ្ឋ ដោយទៅចូលរួមបោះឆ្នោត ឱ្យបានគ្រប់គ្នា នៅថ្ងៃទី៥ មិថុនា ខាងមុខនេះ។

លោក ឃួង ស្រេង ក្នុងឱកាសនោះដែរ ក៏បានលើកឡើងពីរបប ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលប្រជាពលរដ្ឋកម្ពុជា បានទទួលរងនូវទុក្ខវេទនាបំផុត ដោយប្រជា ពលរដ្ឋកម្ពុជា ហូបមិនឆ្អែត ធ្វើទារុណកម្ម កាប់សម្លាប់យ៉ាងរង្គាល ។

តែដោយគុណ សម្តេចតេជោ ហ៊ុន សែន សម្តេចបានរំដោះប្រទេសកម្ពុជា ដ៏កំសត់មួយនេះ ចេញពីរបបដ៏យង់ឃ្នង និងខ្មៅងងឹតនេះ ចេញពីចំណុចសូន្យ ដោយមិនមានអ្វីៗ ទាំងអស់ និងបានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចំរើន រហូតមកដល់ ពេលបច្ចុប្បន្ននេះ។

លោក ឃួង ស្រេង សូមឱ្យប្អូនៗ ជាមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយល់ឱ្យបានច្បាស់ ពីប្រវត្តិសាស្ត្រពិត របស់កម្ពុជា ពិសេសនៅក្នុងរបប ប៉ុល ពត និងពីវីរៈភាពរបស់ សម្តេចតេជោ ហ៊ុន សែន បើគ្មានសម្តេចតេជោ ហ៊ុន សែន ទេ ប្រទេសជាតិ មិនមានអ្វីដូចពេលនេះទេ។

លោកអភិបាលរាជធានីភ្នំពេញ សូមឱ្យបងប្អូន ត្រូវដឹងខ្លួនឯង ឱ្យបានច្បាស់ថា ចេញពីពិភពអី ហើយដើរទៅចំណុចណា៕

ដកស្រង់ពី៖ Fresh News