បណ្តាញសង្គម

ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បង្ហាញបំណងកៀរគរធនធានពីវិស័យឯកជននានា គាំទ្រដល់ការងារបោសសម្អាតមីន កិច្ចសង្រ្គោះជនពិការ និងការងារយេនឌ័រសកម្មភាពមីននៅកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ធមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Paul Clements ប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដើម្បីសិក្សាស្វែងយល់អំពីវឌ្ឍនាភាពនៃវិស័យសកម្មភាពមីននៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណជូនចំពោះ លោក Paul Clements ដែលបានបង្ហាញពីបំណង និងចំណាប់អារម្មណ៍ក្នុងការស្វែងយល់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារសកម្មភាពមីនមនុស្សធម៌ ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផល និងការសម្រេចបានជាប្រវិត្តសាស្ត្ររយៈពេល ៣០ឆ្នាំ នៃការងារសកម្មភាពមីននៅកម្ពុជា ក្រោមការយកចិត្តទុកដាក់របស់ពីរាជរដ្ធាភិបាល និងមានការចូលរួមពីប្រទេសជាមិត្ត ដៃគូរអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធដទៃទៀត។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សមិទ្ធផលទាំងនេះសម្រេចបានដោយសារកម្ពុជា មានរចនាសម្ព័ន្ធគ្រប់គ្រងវិស័យសកម្មភាពមីនច្បាស់លាស់ ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ

ក្រោមការដឹកនាំអាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល និងជាស្ថាប័នសាធារណៈរបស់រដ្ឋ ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពទូទាំងប្រទេស

។ លោកទេសរដ្ឋមន្រ្តី បានបន្តទៀតថា បច្ចុប្បន្ននេះ ក្រៅពីការគាំទ្រពីប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ វិស័យសកម្មភាពមីន ចាប់ផ្តើមមានការយកចិត្តទុកដាក់ និងជួយគាំទ្រពីវិស័យឯកជន និងសប្បុរសជននានា ដែលកំពុងរកស៊ីទទួលទាន និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមដល់ការអនុវត្តយន្តការភូមិអស់មីនរបស់អាជ្ញាធរមីនតាមធនធានរបស់ខ្លួន។

លោក Paul Clements បានមានប្រសាសន៍ថា លោកបានមករស់នៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៨ ហើយរយៈពេល ១៤ឆ្នាំ នេះ លោកមានការពេញចិត្ត និងកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា

ក្នុងការធានាឲ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ដោយបានផ្តល់នូវឱកាសនិងអំណោយផលយ៉ាងច្រើនដល់អ្នកវិនិយោគទុន ជាពិសេសការគោរពស្រឡាញ់វប្បធម៌ ប្រពៃណី និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកប្រធានសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានយ៉ាងធំធេង ក្នុងការងារបោសសម្អាតមីន/គ្រាប់ ដើម្បីជួយសង្រ្គោះអាយុជីវិត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទ។

ក្នុងឱកាសនោះ លោក Paul Clements បានបង្ហាញពីបំណងកៀរគរធនធានពីវិស័យឯកជននានា គាំទ្រដល់ការងារបោសសម្អាតមីន កិច្ចសង្រ្គោះជនពិការ និងការងារយេនឌ័រសកម្មភាពមីននៅកម្ពុជា

ជាពិសេសចូលរួមផ្តល់ឱកាសការងារជាអាទិភាព និងលើកកម្ពស់ដល់ជនមានពិការភាព និងក្រុមគ្រួសារ ដែលបានរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកនឹងជម្រុញ និងពិភាក្សាការងារបន្ថែមជាមួយសមាជិកសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា សភាពាណិជ្ជកម្មដទៃទៀត វិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស

និងមូលនិធិនៅក្រៅប្រទេស ដើម្បីឲ្យចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការងារបោសសម្អាតមីន និងសង្រ្គោះជនពិការដោយសារមីននៅកម្ពុជា ផងដែរ៕

ដកស្រង់ពី៖ Fresh News