បណ្តាញសង្គម

អាល្លឺម៉ង់ ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ហិរញ្ញប្បទានសហប្រតិបត្តិការ ៣០លានអឺរ៉ូ សម្រាប់ផ្គត់ផ្គង់អគ្គិសនីជនបទ នៅកម្ពុជា

ភ្នំពេញ ៖ លោក Chrlstian Bergr ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ៣០លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពល ដើម្បីផ្គត់ផ្គង់អគ្គិសនីជនបទ នៅប្រទេសកម្ពុជា។

នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ក្នុងជំនួបពិភាក្សារវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និងលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ភាគីទាំងពីរ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការ ជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែល រដ្ឋាភិបាលសាធារណរដ្ឋ

សហព័ន្ធអាល្លឺម៉ង់ សន្យាផ្តល់ឥណទាន សម្បទានមួយថ្មីទៀត ចំនួន៣០លានអឺរ៉ូ សម្រាប់គម្រោងប្រសិទ្ធភាពថាមពល សម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ II (Energy Efficienty in Rural Power Supply II Project)។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានសម្បទាន ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយ បន្ទាប់ពីសិក្សាលម្អិត ត្រូវបានធ្វើរួចរាល់។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ដំណាច់ឆ្នាំ២០២១ រដ្ឋាភិបាលសាធារណ សហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការដល់កម្ពុជា

សរុបប្រមាណ ៧២០លានដុល្លារអាមេរិក (ក្នុងនោះ ឥណទានសម្បទាន មានចំនួនប្រមាណ ៧០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ ៦៥០លានដុល្លារអាមេរិក)៕

ដកស្រង់ពី៖ ដើមអម្ពិល