បណ្តាញសង្គម

អតីតបុគ្គលិកណាហ្គាវើលដ៍ជិត ២០០ នាក់ យល់ព្រមទទួលយកប្រាក់បំណាច់ បញ្ចប់កិច្ចសន្យា​ការងារ

គិតត្រឹមថ្ងៃទី ០២ខែមិថុនាឆ្នាំ ២០២២នេះ មានអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជិត ២០០ នាក់បានយល់ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។យោងតាមសេចក្តីប្រកាសព័ត៌មាន

របស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះកាលពីយប់ថ្ងៃទី ០២មិថុនា បានឱ្យដឹងថា នាពេលកន្លងមក មានបងប្អូនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍មួយចំនួន បានគោរពស្នើសុំ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យជួយអន្តរាគមន៍ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារ ចំពោះបងប្អូនអតីតបុគ្គលិកដែល

ត្រូវបានបញ្ឈប់ពីការងារនិងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម

មន្ត្រីជំនាញរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទាត់ចំនួន ៤ ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។

ការិយាល័យអ្នកនាំពាក្យបានបន្តទៀតថា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន ៤ នាក់បន្ថែមទៀត បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុនរួចហើយ ។

ដូចនេះគិតមកដល់ថ្ងៃទី០២មិថុនានេះ មានអតីតបុគ្គលិកសរុបចំនួន១៩៦នាក់ នៅក្នុងចំណោម ៣៧៣ នាក់ដែលបានទទួលយកនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៧៧នាក់។

ចំណែកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលប្រវត្តិរូប សង្ខេបពីអតីតបុគ្គលិកទាំងនោះ ហើយក៏កំពុងជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ។

គួរបញ្ជាក់ថារហូតមកដល់ពេលនេះវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ នៅមិនទាន់មានដំណោះស្រាយនៅឡើយទេដោយសារភាគីសហជីពនិងក្រុមហ៊ុននៅតែប្រកាន់ជំហររឹងត្អឹងរៀងៗខ្លួន៕

ដកស្រង់ពី៖ កម្ពុជាថ្មី