បណ្តាញសង្គម

ម្លោះការងារនៅណាហ្គា វើលដ៍៖ សហជីព​ ទទូច​ទាមទារឱ្យ​ក្រុមហ៊ុន ទទួលយក​បុគ្គលិក​ ដែលបានបញ្ឈប់​ពីការងារ បានចូលធ្វើការងារ​វិញ តែភាគីក្រុមហ៊ុន បន្តបដិសេធ​

ភ្នំពេញ៖ តំណាងក្រុមហ៊ុន ណាហ្គា វើលដ៍ និងតំណាងសហជីពកម្មករនិយោជិត ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

កិច្ចប្រជុំចរចាលើកនេះ ក៏ដូចលើកមុនដែរ គឺតំណាងសហជីពកម្មករនិយោជិត នៅតែទទូចទាមទារឱ្យក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលយកបុគ្គលិក ដែលបានបញ្ឈប់ពីការងារ បានចូលធ្វើការងារឡើងវិញ។

តែភាគីក្រុមហ៊ុន បន្តបដិសេធដដែល។ក្រុមហ៊ុន ណាហ្គា វើលដ៍ ក៏បានទទូចឱ្យកម្មករនិយោជិត ដែលនៅសេសសល់ប្រមាណ ១៧៥នាក់ ទៅទទួលយកកញ្ចប់បញ្ចប់កិច្ចសន្យា ដោយការព្រមព្រៀង ដែលធ្វើបែបនេះ ពួកគាត់ នឹងទទួលបានថវិកាបន្ថែម។

ទន្ទឹមនឹងនោះ ពួកគាត់នឹងមានឱកាសការងារនៅកន្លែងផ្សេង។

ដោយឡែក កម្មករនិយោជិត ដែលអវត្តមានដោយគ្មានច្បាប់អស់រយៈពេល ៦ខែកន្លងមក គួរតែត្រឡប់ចូលធ្វើការវិញ ដើម្បីទទួលបានចំណូលឡើងវិញ ជាជាងការបន្តធ្វើកូដកម្មបែបនេះ។

យ៉ាងណាក៏ដោយ ការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរ គឺក្រុមហ៊ុនណាហ្គា វើលដ៍ និងភាគីសហជីពតំណាងអតីតកម្មករនិយោជិត នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នា នៅឡើយទេ។

ភាគីទាំងពីរ ក្រោមការសម្របសម្រួលពីក្រសួងការងារ នឹងជួបប្រជុំគ្នាម្តងទៀត នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។

សូមរម្លឹកថា ក្រោយពីក្រុមហ៊ុនណាហ្គាវើលដ៍ សម្រេចបញ្ឈប់បុគ្គលិក ១៣២៩នាក់ ដោយលើកហេតុផល ដោយសារតែវិបត្តិកូវីដ១៩ កាលពីដើមឆ្នាំ២០២១។

រហូតដល់ខែធ្នូ ឆ្នាំ២០២១ ក្រុមអតីតបុគ្គលិក ដែលត្រូវបានបញ្ឈប់ពីការងារ ក៏បានធ្វើបាតុកម្មតវ៉ាជាច្រើនថ្ងៃ រហូតដល់មានការបង្ក្រាប និងចាប់មេដឹកនាំសហជីពកម្មករ នៅណាហ្គា វើលដ៍ ដាក់ពន្ធនាគារ។

នៅខែកុម្ភៈ ឆ្នាំ២០២២ អ្នកដែលត្រូវបានចាប់ឃុំខ្លួនទាំងអស់នោះ ត្រូវបានដោះលែងមកវិញ ហើយក៏មានការបើកកិច្ចប្រជុំចរចាជាបន្តបន្ទាប់។

តែមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ រហូតដល់ពេលនេះ៕

ដកស្រង់ពី៖ កោះសន្តិភាព