បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួង​ការងារ : កម្ពុជា​បានដាក់​ចេញ​វិធាន ដោយ​ជោគជ័យ​នូវ​កញ្ចប់​វិធានការ​អន្តរាគមន៍​ក្នុងអំឡុង​ជំងឺ​កូ​វីដ​-១៩

ប្រទេសស្វីស: រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឡើងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំលើកទី១១០ នៃសន្និសិទអន្តរជាតិខាងការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ(នៅវេលាម៉ោង១០:៤៥នាទីព្រឹក ម៉ោងនៅប្រទេសស្វីស ត្រូវនឹងម៉ោង ៣:១៥ នាទីរសៀល ម៉ោងនៅកម្ពុជា)។

ក្នុងពិធីនេះដែរ លោក រដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះ លោក Gilbert Houngbo ដែលទទួលបានការគាំទ្រ និងជ្រើសតាំងជាអគ្គនាយកថ្មី នៃអង្គការអន្តរជាតិខាងការងារ ដែលនឹងចូលកាន់តំណែងនៅក្នុងខែតុលា ឆ្នាំ២០២២នេះ។

លោក រដ្ឋមន្ត្រីបញ្ជាក់ថា ការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺកូវីដ-១៩ ជាសកល ចាប់តាំងពីឆ្នាំ២០១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងសកលលោក រួមទាំងការបាត់បង់ជីវិតមនុស្សរាប់សិបលាននាក់ ការបាត់បង់ការងារ និងការបាត់បង់ប្រាក់ចំណូលផងដែរ។

លោក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ជុំ ដោយផ្តោតទៅលើមុខព្រួញ ចំនួន៤ គឺ៖

១- ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ,

២- ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារធ្វើ,

៣- ការខិតខំជួយឲ្យអស់លទ្ធភាព ដើម្បីធ្វើឲ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ, និង ៤- ការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គម។

រាជរដ្ឋាភិបាលបានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់របស់និយោជក និងកម្មករនិយោជិត រួមមានការអនុញ្ញាតឲ្យរោងចក្រសហគ្រាស ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរអាចព្យួរកិច្ចសន្យាការងារ

កម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ និយោជកទទួលបានការអនុគ្រោះចំពោះកាតព្វកិច្ចនានា និងការចាក់វ៉ាក់សាំង ជូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាស ការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ,

ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនិងផ្តល់កិច្ចគាំពារសង្គម ជូនដល់កម្មករនិយោជិតក្នុងស្រុក និងពលករទេសន្តរប្រវេសក៍កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ច្បាប់

និងបទប្បញ្ញតិ្តជាតិជាធរមាន និងអនុសញ្ញា ILO ដែលកម្ពុជាបានផ្តល់សច្ចាប័ន។តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោក រដ្ឋមន្ត្រី សូមគាំទ្រនូវអនុសាសន៍ដែលបានលើកឡើងក្នុងរបាយការណ៍របស់ ឯកឧត្តម Guy Ryder អគ្គនាយកអង្គការ ILO ស្តីពី “ វិបត្តិការផ្លាស់ប្តូររចនាសម្ព័ន្ធការងារ

និងអនាគតនៃការងារ” និងខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ស្តីពី “ការងារសមរម្យ សេដ្ឋកិច្ច សង្គម និងសាមគ្គីភាព” ក៏ដូចជា

“ការអំពាវនាវជាសកល ដើម្បីចាត់វិធានការសម្រាប់ការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ដោយផ្តោតលើកត្តាមនុស្សជាស្នូល ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់”

ដែលនឹងរួមចំណែកសម្រេចបាននូវគោលដៅរួមនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអាណត្តិជាប្រវត្តិសាស្ត្ររបស់អង្គការILO ក្នុងការសម្រេចបាននូវយុត្តិធម៌សង្គម និងការងារសង្គមសម្រាប់គ្រប់គ្នា។

ជាមួយគ្នាលោករដ្ឋមន្ត្រីបានលើកឡើងដោយបញ្ជាក់ដែរថា សម្រាប់កម្ពុជា អង្គការ ILO គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ តាមរយៈការបន្តអនុវត្តកម្មវិធីជាច្រើនជាអាទិ៍៖ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារ និងការអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា។

ជាងនេះទៅទៀត កម្ពុជាបានកំពុងអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា បានចំនួន៥ ដំណាក់កាល ចាប់តាំងពីឆ្នាំ២០០៥មក។ក្នុងដំណាក់កាលទី៥ ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប៥០ ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា ជាមួយនឹងអង្គការ ILO។

រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគោលការណ៍គ្រឹះរបស់ILO ដែលផ្តោតលើយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម

នឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខ និងសម្រេចបាននូវបេសកកម្មអង្គការអន្តរជាតិខាងការងារ ដើម្បីបន្តលើកកម្ពស់ការងារសមរម្យប្រកបដោយផលិតភាពសម្រាប់គ្រប់គ្នា៕

ដកស្រង់ពី៖ រស្មីកម្ពុជា