បណ្តាញសង្គម

ប្រធាន​ក្រុមប្រឹក្សា កោតសរសើរ​គណៈ​អភិបាល​រាជធានី លើ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព បាន​យ៉ាង​ល្អ ក្នុង​ដំណើរការ​យុទ្ធនាការ ឃោសនាបោះឆ្នោត ដោយ​ជោគជ័យ និង​គ្មាន​អំពើហិង្សា​

ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវ ការកោតសរសើរ ចំពោះគណៈអភិបាលរាជធានីភ្នំពេញ, មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពខណ្ឌ សង្កាត់ បានបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហិង្សា។

ការកោតសរសើររបស់លោក ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំ សាមញ្ញ លើកទី៣៧ របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាថ្ងៃទី៩ ខែមិថុនានេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថាៈ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបំពេញភារកិច្ច ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព

និងសណ្តាប់ធ្នាប់ ធ្វើឱ្យដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយជោគជ័យ រលូន គ្មានអំពើហិង្សា និងបានរារាំងទប់ស្កាត់សកម្មភាពរបស់ អតីតបុគ្គលិកណាហ្គាវើលដ៍ (Naga World) បានល្អ និងបានខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ក្នុងខែឧសភា ឆ្នាំ២០២២ កន្លងមកនេះ បានល្អប្រសើរ។

លោក ម៉ប់ សារិន បានបន្តថាៈ ក្នុងខែឧសភា ឆ្នាំ២០២២ នេះ ឃើញថា មានកំណើនបរិមាណ នៃការប្រមូលសំរាម ជាមធ្យម ក្នុង១ថ្ងៃ (៣.៧៩៥,៧៣ តោន) ហើយត្រូវបានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនបានល្អ និងទាន់ពេលវេលា។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានស្នើសុំឱ្យបន្តការផ្សព្វផ្សាយ អំពីការប្រមូលវេចខ្ចប់ ការបញ្ចេញសំរាម តាមពេលកំណត់ ដល់ខណ្ឌដែលមិនទាន់បានផ្សព្វផ្សាយ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ ពិសេស មន្ទីរសុខាភិបាល និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ជំរុញការចាក់វ៉ាក់សាំង ជូនកុមារ ឱ្យបានគ្រប់ ដូស ទៅតាមការកំណត់របស់ ក្រសួងសុខាភិបាល។

លោកបានលើកឡើងថាៈ នៅលើពិភព លោក គេបានទទួលស្គាល់រួចហើយថា ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលទទួលបាន ការចាក់វ៉ាក់សាំងល្អជាងគេ ដោយរហូតមកដល់ពេលនេះ មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នោះទេ។

ដូច្នេះការងារនេះ យើងត្រូវរួមគ្នាប្រឹងប្រែងបន្ថែមទៀត ព្រោះថា មនុស្សម្នាក់ មិនអាចទទួលការងារនេះ ទទួលបានជោគជ័យនោះទេ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងទៀតថាៈ ចំពោះដើមឈើ នៅក្នុងរាជធានីភ្នំពេញ ត្រូវតែអភិរក្ស ឱ្យបានល្អបំផុត ។

ចំពោះដើមឈើចាស់ៗ ប្រហោងក្នុង ដែលអាចបង្កហានិភ័យ ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ គឺអាចស្នើសុំកាប់បាន តែត្រូវដាំជំនួសមកវិញ សំដៅធ្វើយ៉ាងណា ឱ្យរាជធានីភ្នំពេញ នៅរក្សាបានជាទីក្រុង មានពណ៌បៃតង និងបរិស្ថានល្អ៕

ដកស្រង់ពី៖ រស្មីកម្ពុជា