បណ្តាញសង្គម

កម្ពុជា ជ្រើសរើសទាហាន​ថ្មី ៦០០នាក់ បន្ទាប់ពីប្រកាស​ជ្រើសរើសទាហានថ្មី ៤០២នាក់ កាលពីខែមេសា​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៦០០នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យ ៣កងវរសេនាតូច ទើបបង្កើតថ្មី ចំណុះឱ្យបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន។

នេះបើតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នេះ។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីសម្រេច អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ចំនួន ៤០២នាក់ ដើម្បីរៀបចំកងកាំជ្រួច ការពារអាកាសរយៈកម្ពស់មធ្យម ចំណុះបញ្ជាការដ្ឋានការពារអាកាស។ 

ក្នុងពេលជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា ២០២០-២០២១ សរុប ១ ៧៥៣ នាក់ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បនាប្រកាសថា ខាងសុខាភិបាល សម្តេចទើបនឹងអនុម័តជ្រើសរើសគ្រូពេទ្យជាង ៣ ៥០០ នាក់ទៀត ដើម្បីគ្រប់គ្រងសភាពការណ៍ ព្រោះមន្ទីរពេទ្យ ដែលយើងត្រូវពង្រីក គឺមានច្រើន។ ដូច្នេះតម្រូវការពេទ្យ ក៏មានធំ។

គ្រូបង្រៀន ក៏យើងបានផ្ដល់ឱកាសឱ្យមានការជ្រើសរើស ក្នុងពេលដែលក្របខ័ណ្ឌដទៃទៀត គឺមិនផ្ដល់ការឱ្យជ្រើសរើសទេ។ ក្នុងលិខិត ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា បង្ហាញថា

ក្នុងឆ្នាំ២០២២ នេះ រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍ ឱ្យជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាជិត ៤៦ ០០០ នាក់ សម្រាប់បម្រើការងារ នៅតាមក្រសួង ស្ថាប័ននានា ប៉ុន្តែមិនអនុញ្ញាតឱ្យជ្រើសរើសក្របខ័ណ្ឌថ្មី

ជំនួសអ្នកចូលនិវត្តន៍ឡើយ លើកលែងតែក្រសួងស្ថាប័ន ដែលមានគោលការណ៍ដោយឡែកពីប្រមុខរាជរដ្ឋាភិបាល៕

ដកស្រង់ពី៖ កោះសន្តិភាព