បណ្តាញសង្គម

រសួងពាណិជ្ជកម្ម ដាក់ចេញការស្វែងរក និងកំណត់បទល្មើស ពីការធ្វើទីផ្សារ បែបពីរ៉ាមីដ និងទីផ្សារពហុកម្រិត

ភ្នំពេញៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) បានជំរុញឱ្យអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ធ្វើការស្វែងរក និងកំណត់បទល្មើស ពាក់ព័ន្ធនឹងការធ្វើទីផ្សារ បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (MLM) ។

ការលើកឡើងខាងលើនេះ របស់លោករដ្ឋមន្រ្តី ធ្វើឡើង ក្នុងពិធីបើកកិច្ចប្រជុំលើកទី៧ របស់ខ្លួន ដើម្បីពិនិត្យនិងអនុម័ត លើសេចក្ដីព្រាងឯកសារសំខាន់ៗមួយចំនួន ក្នុងគោលបំណង

ពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារ កាលពីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក នៃ គ.ជ.ក.ប. ព្រមទាំងលោក លោកស្រី សមាជិកលេខាធិកាដ្ឋាន នៃ គ.ជ.ក.ប. ជាច្រើនរូប។

ទាក់ទងនឹងកិច្ចប្រជុំថ្ងៃនេះ លោករដ្ឋមន្រ្តី បានលើកឡើងថាៈ ដើម្បីបង្កើនប្រសិទ្ធភាពការងារ បន្ថែមទៀត គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងឯកសារសំខាន់ៗ ចំនួន៣ រួមមានៈ

ទី១) សេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីការបង្កើតសមាគមអ្នកប្រើប្រាស់ តាមវិស័យ

ទី២) សេចក្ដីព្រាងកម្មវិធីជាតិ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ (Draft National Consumer Protection Programme) និងទី៣) សេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីគម្រោងលក់បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (Guideline on Pyramid Scheme and Multi-Level Marketing)។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថាៈ ជាលទ្ធផលកិច្ចប្រជុំ បានអនុម័តទាំងស្រុង លើសេចក្តីព្រាងឯកសារ ទាំង ៣ ខាងលើ និងបានជំរុញឱ្យអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង

និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដែលជាសេនាធិការ ធ្វើការផ្សព្វផ្សាយឯកសារទាំង ៣ នេះ ជាសារធារណៈ ឱ្យបានទូលំទូលាយ តាមរយៈបណ្ដាញសង្គម (Facebook Page) ទូរទស្សន៍ (TV) និងគេហទំព័ររបស់ អគ្គនាយកដ្ឋាន (Website)។ល។

ដកស្រង់ពី៖ រស្មីកម្ពុជា