បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទូតអឺរ៉ុបថា ក្រុមប្រឆាំងនិយាយល្អ ពេលសរសេរអង់គ្លេស ឬបារាំង តែភាសាខ្មែររបស់ពួកគេប្រមាថលើសម្តេចធ្ងន់ធ្ងរណាស់ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងជម្រាបឯកអគ្គរដ្ឋទូតអឺរ៉ុប ដោយបើកកកាយពុតត្បុតអាក្រក់មួយចំនួនរបស់ក្រុមប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

ពុតត្បុតដែលសម្តេចតេជោ បានបើកកកាយនោះ គឺក្រុមប្រឆាំងនេះនិយាយមានសីលធម៌ល្អពេលពួកគេនិយាយជាអង់គ្លេស ឬបារាំង តែភាសាខ្មែររបស់ពួកគេមានសភាពអាក្រក់ និងប្រមាថធ្ងន់ធ្ងរលើសម្តេច។

ការបើកកកាយពីពុតត្បុតអាក្រក់របស់ក្រុមប្រឆាំងនេះ បានធ្វើឡើងក្នុងឱកាសសម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

ក្នុងពិធីទទួលបានការអញ្ជើញចូលរួមពីលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាផងដែរ។ ក្នុងពិធីនេះសម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពុតត្បុតអាក្រក់របស់ក្រុមប្រឆាំងកំពុងនិរទេសខ្លួនៅក្រៅប្រទេស ដែលគេដឹងថាមានទណ្ឌិត សម រង្ស៉ី ជាមេខ្លោង។

ពុតត្បុងទុច្ចរិតរបស់ក្រុមប្រឆាំងដែលសម្តេចតេជោ បានលើកបង្ហាញនោះ មានដូចជាការរាងរាំងផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការប្រើប្រាស់វោហាស័ព្ទអាក្រក់ វាយប្រហារទៅលើសម្តេចជាដើម។

ពាក់ព័ន្ធការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដំបូងក្រុមប្រឆាំងនេះបានធ្វើយុទ្ធនាការអំពាវនាវរារាំងពលរដ្ឋមិនឱ្យទៅទទួលវ៉ាក់សាំង បន្ទាប់មកពួកគេធ្វើយុទ្ធនាការជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំង បំណងធ្វើឱ្យរាជរដ្ឋាភិបាលរកវ៉ាក់សាំងចាក់ឱ្យពលរដ្ឋមិនទាន់។

តែទោះយ៉ាងទង្វើទុច្ចរិតប្រកបដោយភាពពិសពុលនេះ ត្រូវបានសម្តេចតេជោទាយដឹងមុន ហើយបំផ្លាញផែនការអាក្រក់នេះបានជោគជ័យ។

ក្រៅតែពីបើកកកាយភាពទុច្ចរិតរបស់ក្រុមប្រឆាំងលើការងារចាក់វ៉ាក់សាំងហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានងាកទៅជម្រាបលោកស្រីឯកអគ្គរដ្ឋទូតអឺរ៉ុប កំពុងមានវត្តមានលើវេទិកានោះដោយផ្ទាល់នូវពុតត្បុតអាក្រក់របស់ក្រុមប្រឆាំង ជុំវិញការប្រើប្រាស់វោហាស័ព្ទនានា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «បើគេនិយាយអង់គ្លេស ឬនិយាយបារាំង គេនិយាយល្អណាស់។

លោកជំទាវស្តាប់ទៅល្អឥតខ្ចោះ ប៉ុន្តែបើលោកជំទាវយកភាសាខ្មែរដែលគេនិយាយ លោកជំទាវនឹងឃើញតើគេប្រមាថមើលងាយយើងខ្ញុំ។ ត្រង់ហ្នឹងហើយដែលយើងខ្ញុំមិនសុខចិត្តជាមួយការប្រមាថ ឬការមើលងាយពីខាងក្រៅមកលើយើងខ្ញុំ»។

សម្តេចតេជោ បានបន្ថែមថា «បើលោកជំទាវយកចិត្តទុកដាក់។

ការបង្ហោះហ្វេសប៊ុកក្តី លោកជំទាវឱ្យគេបកប្រែពីភាសាខ្មែរទៅអង់គ្លេស ទៅបារាំង ឬអេស្បាញរបស់លោកជំទាវ លោកជំទាវអាចដឹងថា គេធ្វើអ្វី គេនិយាយអ្វី? និយាយអាក្រក់ណាស់ ជេរទាំងម្តាយទៀត កុំលេង»។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានឆ្លៀតជម្រាបទៅលោកស្រីឯកអគ្គរដ្ឋទូតអឺរ៉ុបដែរពីភាពខុសគ្នារវាងស្ថានភាពពិតជាក់ស្តែងរបស់កម្ពុជា និងស្ថានភាពរបស់កម្ពុជាតាមរយៈទំព័រព័ត៌មានប្រឆាំង។

ភាពខុសគ្នារវាងកម្ពុជាពិត និងកម្ពុជាលើទំព័រសារព័ត៌មាន ដែលសម្តេចតេជោ ចង់សម្តៅដល់នោះ គឺកម្ពុជាពិត កំពុងមានការអភិវឌ្ឍ កំពុងមានការរស់នៅយ៉ាងសុខដុម ប៉ុន្តែកម្ពុជាលើទំព័រសារព័ត៌មានវិញ គឺកម្ពុជាមានស្ថានភាពយ៉ាងអាក្រក់៕

ដកស្រង់ពី៖ Fresh News