បណ្តាញសង្គម

សត្វក្តាន់កម្ពុជានៅមាន តែអាចផុតពូជនៅឡាវ វៀតណាម និងចិន

រាជធានីភ្នំពេញ ៖ យ៉ាងហោច សត្វក្តាន់នៅកម្ពុជាមានចំនួន៨៤ក្បាល ។ របាយការណ៍ស្រាវជ្រាវឆ្នាំ២០២២ស្តីពីស្ថានភាព និងរបាយសត្វក្តាន់ក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វនៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គក្នុងខេត្តក្រចេះបានបង្ហាញថា មានសត្វក្តាន់សរុបចំនួនប្រមាណ៨៤ក្បាល ។លទ្ធផលនៃការស្រាវជ្រាវក៏នេះបានបង្ហាញផងដែរពីវត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនដែលជាសញ្ញាវិជ្ជមានបង្ហាញពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះ នៅក្នុងតំបន់ទីជម្រកធម្មជាតិ ។

អ្នកវិទ្យាសាស្ត្រធ្លាប់បានសន្និដ្ឋានថា សត្វក្តាន់បានផុតពូជទៅហើយពីប្រទេសកម្ពុជារហូតដល់ឆ្នាំ២០០៦ ទើបវាត្រូវបានគេរកឃើញមានវត្តឡើងវិញក្នុងខេត្តក្រចេះ តាមរយៈរូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ។

លោក អៀម សំអ៊ន់ ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃតំបន់ទេសភាពមេគង្គនៃអង្គការ WWF បាននិយាយថា អស់រយៈកាល១៦ឆ្នាំហើយ បន្ទាប់ពីការរកឃើញវត្តមានសត្វក្តាន់ឡើងវិញនេះជាការចងក្រងរបាយការណ៍ស្តីពីចំនួនសត្វក្តាន់នៅកម្ពុជាលើកដំបូង សម្រាប់ការអភិរក្សសត្វដ៏កម្រនៅលើពិភពលោកមួយប្រភេទនេះ» ។

សត្វក្តាន់ជាប្រភេទសត្វពិបាកប្រទះឃើញ និងអង្កេតផ្ទាល់ដូចប្រភេទសត្វក្រចកជើងចំពាមដទៃទៀតណាស់ ។

ការសិក្សាស្ថានភាព និងរបាយសត្វប្រភេទនេះបានធ្វើឡើងដោយការពង្រាយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ដែលវារស់នៅ ។

ការស្រាវជ្រាវនេះបានសហការរៀបចំដោយក្រុមជំនាញសត្វព្រៃមកពីមន្ទីរបរិស្ថានខេត្តក្រចេះនៃក្រសួងបរិស្ថាន អង្គការWWF អង្គការBINCO និងមានការចូលរួមពីសំណាក់សមាជិកសហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ។រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ៖

«ក្រសួងបរិស្ថាន មានសេចក្តីត្រេកអរ និងមានមោទនភាពជាខ្លាំង ដែលធម្មជាតិនៃប្រទេសកម្ពុជាផ្តល់ទីជម្រកសុខសាន្តសម្រាប់ការរស់រានរបស់ប្រភេទសត្វសំខាន់ៗជាសកលដូចជា សត្វក្តាន់ដែលត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់ពីវត្តមាន និងការបន្តពូជរបស់វានៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ ។

ក្រៅពីមានវត្តមាននៅក្នុងប្រទេសកម្ពុជា សត្វក្តាន់នេះក៏មានរស់នៅផងដែរ ក្នុងប្រទេសឥណ្ឌា នេបាល់ ប៊ូតាន់ បង់ក្លាដេស ភូមា និងថៃ ហើយអ្នកវិទ្យាសាស្ត្រជឿថា សត្វក្តាន់ប្រហែលបានផុតពូជបាត់ទៅហើយពីប្រទេសចិន ឡាវ និងវៀតណាម ៕

ដកស្រង់ពី៖ កោះសន្តិភាព