បណ្តាញសង្គម

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ចាប់ផ្ដើមនៅថ្ងៃនេះ នៅរាជធានីភ្នំពេញ

ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធ ក្នុងឆ្នាំ ២០២២នេះ ប្រទេសកម្ពុជា បានប្ដេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន គឺរួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់នាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗស្របតាមមូលបទ«សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ ២០២២ លើកទី ១៦ នឹងចាប់ផ្ដើមនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ ដឹកនាំដោយសម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅរាជធានីភ្នំពេញនេះ នឹងអនុម័តលើឯកសារថ្មីៗមួយចំនួន និងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំ។

រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងកត់សម្គាល់ឯកសារពិភាក្សាចំនួន ២ផ្សេងទៀត រួមមាន៖

ទី១. ឯកសារពិភាក្សា ស្តីពី ការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ។

ទី២. ឯកសារពិភាក្សា ស្តីពី ការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធា ដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។

ទន្ទឹមនឹងនេះ កិច្ចប្រជុំនឹងពិនិត្យសម្រេចលើសំណើរបស់ឥណ្ឌា សុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌ និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាមួយប្រទេសបូកមួយចំនួន នៅខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ។

ក្នុងអំឡុងនៃកិច្ចប្រជុំនេះដែរ នឹងមានកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន និងកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន តាមប្រព័ន្ធវីដេអូ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងអគ្គលេខាធិការអាស៊ាន ក៏នឹងអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផងដែរ៕

ដកស្រង់ពី៖ កម្ពុជាថ្មី