បណ្តាញសង្គម

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារ ជាមួយទូតអាល្លឺម៉ង់ចប់អាណត្តិបេសកកម្មនៅកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមិថុនានេះ បានជួបពិភាក្សាការងារជាមួយលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា

ដែលត្រូវចប់អាណត្តិបេសកកម្មការងារ នៅព្រះរាជាណា ចក្រកម្ពុជា។

ក្នុងជំនួបនេះលោក Christian Berger បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកពិតជារីករាយ ដែលបានមកបំពេញបេសកកម្មការងារ រយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា។

លោកបានជម្រាបជូនបន្តថា ក្នុងបេសកកម្មការងារនាពេលកន្លងមកនេះ លោកបានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។

លោកបានគូសបញ្ជាក់ថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់មានការរីកចម្រើន។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះកិច្ចប្រឹងប្រែងអស់កម្លាំងកាយចិត្ត របស់លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអាល្លឺម៉ង់ ឲ្យកាន់តែល្អប្រសើរគួរកត់សម្គាល់។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឲ្យលោកឯកអគ្គរដ្ឋទូតទទួលបានជោគជ័យ ក្នុងបេសកកម្មការងារបន្តបន្ទាប់ទៀត៕

ដកស្រង់ពី៖ កម្ពុជាថ្មី