បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួង​ការងារ​៖​ក្រុមហ៊ុន​លក់រាយ​ធំជាងគេ​បំផុត​លើ​ពិភពលោក​របស់​អាម៉េរិក​គ្រោង​នឹង​បញ្ជា​ទិញ​ផលិតផល​ពី​កម្ពុជា​

ភ្នំពេញ៖ក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាលរបស់ប្រទេសសហរដ្ឋអាម៉េរិក គ្រោងនឹងបញ្ជាទិញ ពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិក និងសង្ហារឹមជាដើម។

ការបញ្ចេញឱ្យដឹងបែបនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោក អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយលោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកល នៃក្រុមហ៊ុន Walmart ធ្វើឡើងតាមរយៈប្រព័ន្ធអនទ្បាញ ក្នុងគោលបំណងដែល Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា។

ក្នុងជំនួបកាលពីថ្ងៃទី២២ខែមិថុនាឆ្នាំ២០២២នេះ លោក អ៊ិត សំហេង បានបញ្ជាក់ជូនភ្ញៀវអំ ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាព និងសុវត្ថិភាពការងារ,

ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សានូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ, ផ្តល់កិច្ចគាំពារសង្គមដល់កម្មករនិយោជិត និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់

និងបទប្បញ្ញត្តិជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។ចំណែកលោកស្រី អានប៊ីញ ផាន បានកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ លើលក្ខខណ្ឌការងារបានប្រសើរ ជាពិសេសគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អចំពោះការឆ្លងរាលដាលនៃកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តរភាពចង្វាក់ផលិតកម្ម និងការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស។

គួរបញ្ជាក់ថា Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២។

មានទីស្នាក់ការកណ្តាលនៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិក មានបុគ្គិល ២.៣លាននាក់ និងកំពុងធ្វើប្រតិបត្តិការនៅក្នុង ២៤ប្រទេស។

Walmartគឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល។

នាពេលអនាគត Walmart គ្រោងនាំចេញពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារឹម គឺពេលដែលផលិតផលទាំងនេះត្រូវតាមស្តង់ដារអន្តរជាតិ៕

ដកស្រង់ពី៖ រស្មីកម្ពុជា