បណ្តាញសង្គម

រដ្ឋមន្រ្តីបរិស្ថានកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងសុខាភិបាល

ភ្នំពេញ៖លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងបុព្វហេតុ លើកកម្ពស់

និងការពារសុខភាពសាធារណៈជូនរាជរដ្ឋាភិបាល និងប្រជាជន សម្រេចបាននូវសមិទ្ធផលជាច្រើននាកន្លងមក។លោករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា កន្លងមកការកាត់បន្ថយអត្រាមរណៈរបស់មាតា និងទារកអំឡុងពេលសម្រាល អត្រាកាត់បន្ថយជំងឺឆ្លងគ្រប់ប្រភេទ យុទ្ធនាការស្រោចស្រពវ៉ាក់សាំងបង្ការ និងទប់ស្កាត់បានជំងឺកូវីដ១៩ ជាពិសេសជោគជ័យក្នុងការទប់ស្តាត់ការប្រើប្រាស់ផលិតផលថ្នាំជក់។

ជាក់ស្តែងថ្ងៃនេះ ក្រសួងសុខាភិបាល បានផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រក្នុងការអប់រំ និងកាត់បន្ថយការប្រើ ប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០២១-២០២៦ ដល់មន្ត្រីរាជការនៃក្រសួងបរិស្ថានជាដើម។

គួរបញ្ជាក់ថាការកោតសរសើរ និងវាយតម្លៃខ្ពស់របស់ លោក រដ្ឋមន្ត្រីបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រក្នុងការអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ឆ្នាំ២០២១-២០២៦ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពនៃការអនុវត្តការងារអប់រំ និងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា និងបង្ហាញពីយុទ្ធសាស្ត្រ និងគោលដៅគន្លឹះនានាក្នុងការទប់ស្កាត់ការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជាដោយអនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់របស់ព្រះរាជាណាចក្រកម្ពុជា។

លោក សាយ សំអាល់ បានបញ្ជាក់ទៀតថា ក្នុងនាមជាមន្ត្រីរាជការក្រសួងបរិស្ថាន ត្រូវតែពង្រឹងចំណេះដឹង និងសមត្ថភាព បន្ថែមទៀត ជាពិសេសជៀសឱ្យឆ្ងាយពីសារធាតុ ញៀនគ្រប់ប្រភេទ ដូចជា

ផលិតផលថ្នាំជក់នេះ ដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ ចូលរួមទាំងអស់គ្នាឱ្យវិស័យបរិស្ថានកាន់តែរីក ចម្រើនលើការងាររដ្ឋបាលសាធារណៈ មុខងារសាធារណៈ

កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការតាក់តែងនូវគោលនយោបាយនានាក្នុងវិស័យបរិស្ថាន៕

ដកស្រង់ពី៖ រស្មីកម្ពុជា