បណ្តាញសង្គម

សម្ដេចតេជោ ទូលថ្វាយព្រះមហាក្សត្រ និងសម្ដេចម៉ែ ពីការផ្លាស់ប្តូរថ្ងៃកំណើត

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនានេះ បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ

នរោត្តម មុនិនាថសីហនុ អំពីផ្លាស់ប្តូរថ្ងៃកំណើតរបស់សម្តេចពីថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៥១ ទៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ។

តាមរយៈលិខិត នៅថ្ងៃទី២២ មិថុនា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតក្រាបបង្គំទូលថ្វាយ អង្គសម្តេចម៉ែ

សូមប្រោសព្រះរាជមេត្តាទ្រង់ជ្រាបដ៏ខ្ពង់ខ្ពស់បំផុតអំពីការកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតរបស់ទូលព្រះបង្គំជាខ្ញុំពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃ-ខែ-ឆ្នាំកំណើតពិតប្រាកដវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍

ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៤៩៦ តាមដីកាសម្រេចលេខ ៧៣៨ “ក” ដ.ម ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ» ។

សម្ដេចតេជោ បានរៀបរាប់ថា តបតាមសេចក្ដីអំពាវនាវរបស់ព្រះវររាជបិតាជាតិ សម្ដេចព្រះមហាវីរក្សត្រនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នាអំឡុងឆ្នាំ១៩៧០ ទូលព្រះបង្គំជាខ្ញុំបានចូលព្រៃម៉ាគី ដើម្បីតស៊ូប្រឆាំងនឹងក្រុមធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស ។

ក្នុងសម័យកាលសង្គ្រាមនោះទូលព្រះបង្គំជាខ្ញុំបានកំណត់យកថ្ងៃដែលទូលព្រះបង្គំជាខ្ញុំចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្ដង គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ និងបានប្រើប្រាស់នាពេលកន្លងមក ។

សម្ដេចបញ្ជាក់បន្ថែមថា ការកែតម្រូវនេះមានភាពចាំបាច់ ដើម្បីកំណត់យក ថ្ងៃ-ខែ-ឆ្នាំកំណើតរបស់ទូលព្រះបង្គំជាខ្ញុំឱ្យបានត្រឹមត្រូវ តាមថ្ងៃ-ខែ-ឆ្នាំកំណើតពិត គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦

និងដើម្បីជៀសវាងនូវការភាន់ច្រឡំពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅដែលបានផ្ញើសារលិខិតជូនពរថ្ងៃចម្រើនជន្មាយុរបស់ទូលព្រះបង្គំជាខ្ញុំដល់ទៅពីរដងក្នុងមួយឆ្នាំ ។

ទាក់ទិននឹងការកែតម្រូវថ្ងៃ-ខែ-ឆ្នាំកំណើតនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្ញើសារលិខិតជូនដំណឹងដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងជនរួមជាតិផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព