បណ្តាញសង្គម

ឆ្លងឡើងវិញហើយ ទាំងនៅក្នុងស្រុក និង​ទាំង​មក​ពីក្រៅស្រុក!

ភ្នំពេញ៖ ក្រោយលែងមានអ្នកឆ្លងកូវីដអស់រយៈពេល ៥២ថ្ងៃមកនេះ ស្រាប់តែនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីករណីរកឃើញអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាយើងឡើងវិញ។

នោះគឺឆ្លងនៅក្នុងស្រុក តាមសហគមន៍ នៅច្រើនកន្លែង ទាំងតេស្តរហ័ស និងទាំងការធ្វើតេស្ត PCR ហើយក៏បានរកឃើញករណីឆ្លងកូវីដ លើអ្នកដំណើរមកពីក្រៅប្រទេសផងដែរ។

ក្នុងសារជាសំឡេងបន្ទាន់ នៅយប់ថ្ងៃទី២៨ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំដល់អាជ្ញាធរសមត្ថកិច្ច ពិសេសក្រសួងសុខាភិបាល ត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សម្រាប់ប្រជាពលរដ្ឋ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយបន្តអនុវត្តវិធានសុខាភិបាល ៣កុំ និង៣ការពារ រួមទាំងទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា មិនថា ដូសទី១ ដូសទី២ ដូសទី៣ ដូសទី៤ ឬក៏ដូសទី៥ នោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា បើសិនជាយើងមិនមានវិធានការការពារ និងទប់ស្កាត់ច្បាស់លាស់ទេ នោះប្រទេសយើង នឹងធ្លាក់ដល់ស្ថានការណ៍ពិបាកឡើងវិញ ជាមិនខាន។

ក្នុងពេលប្រកាសថា កម្ពុជាចាប់ផ្តើមឆ្លងកូវីដ១៩ ឡើងវិញហើយនេះ សម្តេចតេជោ ហ៊ុនសែន មិនបានប្រកាសពីចំនួនអ្នកឆ្លងកូវីដ ឡើងវិញ ដែលទើបរកឃើញនៅថ្ងៃទី២៨ ខែមិថុនានេះទេ៕

ដកស្រង់ពី៖ កោះសន្តិភាព