បណ្តាញសង្គម

មហោស្រព​ភាពយន្ត​មាន​តួនាទី​យ៉ាងសំខាន់​និង​បានរួម​ចំណែក​ដល់​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ​វប្បធម៌​

ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២ ថ្លែងថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានបំពេញតួនាទីយ៉ាងសំខាន់និងបានរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជុំរុញព្រះរាជាណាចក្រកម្ពុជាជាដែនដីស្វាគមន៍ការថតភាពយន្តជាតិ និងអន្តរជាតិ។

លោកស្រីបានបន្ថែមថា មហោស្របនេះក៏បានជួយលើកកម្ពស់កិតិ្តសព្ទ័កម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងបរិបទនៃសង្គមដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍនៅគ្រប់ហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត នៃគោលនយោបាយឈ្នះឈ្នះ ។

នាពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ ក្រោមកិច្ចសហការរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា CFC លោកស្រី រដ្ឋមន្ត្រី ក៏បាន លើកឡើងពីសារៈសំខាន់របស់វិស័យភាពយន្តជូន ក្រសួងស្ថាប័នពាក់ព័ន្ធនានា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតចំនួន ២០ទូត

ផលិតករភាពយន្តបរទេសចំនួន ៣០នាក់ ផលិតករ សិល្បករ សិល្បការិនីក្នុងស្រុក សរុបចំនួនជាង ៧០០នាក់។ក្នុងឱកាសនោះ លោកស្រីបានផ្តល់កិត្តិយសប្រគល់ពានរង្វាន់តារាភាពយន្តឆ្នើមប្រចាំឆ្នាំជូន លោក ហួត ស៊ីថន សម្តែងក្នុងភាពយន្តរឿង

“ប៊ូឌីញ ស” (White building) និងពានរង្វាន់សិល្បៈករឆ្នើម ជូនលោក ម៉ាង សារិទ្ធ អ្នកច្នៃប្រឌិតរូបមនុស្សដីឥដ្ឋ ក្នុងភាពយន្តរឿង “គ្រប់យ៉ាងនឹងប្រសើរ” (Everything will be OK)។

សូមបញ្ជាក់ជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១នេះ បាននាំមកនូវស្នាដៃភាពយន្តជាតិ និងអន្តរជាតិ ចំនួន១៤៤ចំណងជើង មកពី២៦ប្រទេស រួមមានភាពឯកសារ ភាពយន្តគំនូរជីវចល ភាពយន្តខ្នាតខ្លី និងស្នាដៃភាពយន្តខ្នាតធំ ។

ក្នុងនោះស្នាដៃភាពយន្តរបស់កម្ពុជាចំនួន៦២ចំណងជើង ដែលផលិតដោយយុវផលិតករវ័យក្មេងកម្ពុជា ក៏នឹងត្រូវចាក់បញ្ចាំងជូនប្រជាពលរដ្ឋចូលទស្សនាដោយសេរី នៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ។ជាពិសេស ស្នាដៃភាពយន្តរឿង

“គ្រប់យ៉ាងនឹងប្រសើរ” (Everything will be OK) របស់លោក ប៉ាន់ រិទ្ធី ដែលបានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់នៅក្នុងមហោស្រពភាពយន្តទីក្រុង Berlin ២០២២, រឿង “ប៊ូឌីញ ស” (White building) របស់លោក នាង កាវិច ដែលបានទទួលពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុងVenice, និងស្នាដៃភាពយន្តរបស់ផលិតករកម្ពុជាផ្សេងទៀត។

ជាមួយនេះ ភាពយន្តដ៏កម្រមកពីប្រទេសអូស្ត្រាលីចំនួន ២០ ចំណងជើង ដែលផលិតពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ២០២២ នឹងត្រូវបានចាក់បញ្ចាំងនៅក្នុងព្រិត្តិការណ៍មហោស្រពនេះ ក្នុងគោលបំណងចូលរួមអបសារទខួបអនុស្សាវរីយ៍លើក៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា