បណ្តាញសង្គម

តំណាងកម្ពុជានៅ UN ៖ តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដីសម្អាងលើភស្តុតាងជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ

រាជធានីភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាងដាច់អហង្ការនូវសេចក្ដីប្រកាសព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន៣រូបធ្វើឲ្យមតិសាធារណជនយល់ច្រឡំអំពីការជំនុំជម្រះក្ដីនៅកម្ពុជា ខណៈតុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដីមិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាងរឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ ។

យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា កាលពីថ្ងៃទី២៨ មិថុនា បានឲ្យដឹងថា «សូមផ្ដល់ការបកស្រាយសំខាន់ៗមួយចំនួនចំពោះការអត្ថាធិប្បាយខុសឆ្គងទាំងស្រុង របស់អ្នករាយការណ៍ពិសេសទាំងនោះការលើកឡើងថា សវនាការធ្វើឡើងដោយហេតុផលនយោបាយ គឺជាការចោទប្រកាន់បែបបុរេនិច្ឆ័យ និងមិនផ្អែកលើការពិត ។

មានឧទាហរណ៍យ៉ាងច្រើនបង្ហាញថា បុគ្គលដែលគាំទ្រគណបក្សកាន់អំណាចក៏ត្រូវបានតុលាការតែមួយនេះកាត់សេចក្ដីឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ដែរ» ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបានបន្ដថា ប្រការនេះបញ្ជាក់យ៉ាងច្បាស់ពីការពិតដែលថា ការចូលរួមជាមួយគណបក្សនយោបាយមួយពុំមែនជាការផ្តល់សិទ្ធិឱ្យបុគ្គលណាម្នាក់បំពានច្បាប់ដោយនិទណ្ឌភាពឡើយ ។ ការចាត់ទុកការអនុវត្តច្បាប់ថាជាការគាបសង្កត់នយោបាយ គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបន្ថែមថា ជាការគួរឲ្យសោកស្ដាយយ៉ាងខ្លាំងដែលអ្នកជំនាញសិទ្ធិមនុស្សខាងលើពុំបានវា.យតម្លៃព័ត៌មានដែលបានទទួល ឲ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម ។

ការពិតនោះ គឺថាការកាត់ក្ដីនៅពេលថ្មីៗនេះមានជាប់ពាក់ព័ន្ធនឹងផែនការវិលត្រឡប់ចូលកម្ពុជាវិញនៅឆ្នាំ២០១៩ ឬព្រឹត្តិការណ៍ ៩/១១ របស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួកដែលបានញុះញង់ឲ្យមានការបះបោរ និងរៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចាប់ខ្លួននាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែង ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានចាត់ថា សកម្មភាពខុសច្បាប់អស់ទាំងនេះ ធ្វើឡើងក្រោមលេសនៃផែនការវិលត្រឡប់ចូលប្រទេសដែលធាតុពិត គឺជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ដែលត្រូវបានជួយរៀបចំតាក់តែងឡើង ដោយអ្នកជំនាញបច្ចេកទេសពីប្រទេសលោកខាងលិច ។

លើសពីនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ក៏ទទូចអ្នករាយការណ៍ពិសេសទាំង ៣រូបខាងលើ ខិតខំយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋជាសមាជិកជាច្រើន

ដែលបានទាមទារឲ្យអ្នករាយការណ៍ពិសេសទាំងអស់ អនុវត្តតួនាទីរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់តាមក្រមសីលធម៌ សម្រាប់អ្នកកាន់អាណត្តិនីតិវីធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ។

ឯករាជ្យភាពរបស់អ្នកជំនាញសិទ្ធិមនុស្ស ពុំអាចកាត់ផ្តាច់ចេញពីទំនួលខុសត្រូវបានឡើយ ៕

ដកស្រង់ពី៖ កោះសន្តិភាព