បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​-​ឡាវ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ដែល​នឹង​ក្លាយជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ប្រទេស​ទាំងពីរ​

ភ្នំពេញ៖លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ និងលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ(ខាងស្តាំ) និងលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ

ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២

(រូបថតក្រសួងការបរទេស) សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៧ខែកក្កដាឆ្នាំ២០២២បាន ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំ JCBC លើកទី ១៤ លោក ប្រាក់ សុខុន

និងលោក សាលើមសៃ គុំម៉ាស៊ីត បានពិនិត្យ មើលអំពីវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុនៃកិច្ចប្រជុំ JCBC លើកទី១៣ក៏ដូចជាសេចក្តីសម្រេច នានារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដោយផ្ទៀងផ្ទាត់លើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន នយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គម កិច្ចសហប្រតិបត្តិការអនុតំបន់ និងតំបន់ក៏ដូចជាការស្វែងរក វិស័យសក្តានុពលសម្រាប់ កិច្ចសហប្រតិបត្តិការនាពេលអនាគត។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា

និងឡាវ ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង កាលពីឆ្នាំ ២០១៩ និងបានលើកឡើងពីលទ្ធផលដោយជោគជ័យនៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ។ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវ

ការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងសុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីដោះស្រាយ បញ្ហាប្រឈមក្នុងតំបន់

និងសកលលោកដ៏គួរឲ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន ជាពិសេសជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត និងការរួមគ្នាលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុង និងក្រៅសហគមន៍អាស៊ាន។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ(ខាងស្តាំ) និងលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា

និងឡាវ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ (រូបថតក្រសួងការបរទេស) សម្រាប់កិច្ចសហប្រតិបត្តិការនយោបាយ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃការបញ្ចប់

«សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ឆ្នាំ ២០២៣-២០២៧» រវាងប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខា ក្នុងឱកាសគម្រោងដំណើរទស្សនកិច្ច របស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេស ឡាវ នាដើមឆ្នាំ២០២៣ ខាងមុខនេះ។

អង្គប្រជុំបានឯកភាពបន្តរក្សាដំណើរ ទស្សនកិច្ច និងកិច្ចប្រជុំជាប្រចាំ រវាងថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋាន និង ទំនាក់ទំនង រវាង ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ក៏ដូចជាដើម្បីពង្រឹង ទំនាក់ ទំនងមិត្តភាពជាប្រពៃណីកម្ពុជា-ឡាវផងដែរ ។

សម្រាប់វិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានព្រមព្រៀងគ្នា បង្កើនការត្រួតពិនិត្យ ព្រំដែននៅក្នុងដែនដីរៀងៗខ្លួន និងចាត់វិធានការឲ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់នូវរាល់បទល្មើស ព្រហ្មទណ្ឌ គ្រប់ ប្រភេទ តាមរយៈសកម្មភាពយាមល្បាត ដើម្បីទប់ស្កាត់ ត្រួតពិនិត្យ និងបង្ក្រាបបទ ល្មើស ធនធានធម្មជាតិ ការកាប់ឈើ និងបរបាញ់ខុសច្បាប់

និងបទល្មើសផ្សេងៗទៀតនៅ តាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នាលើចំណុចសកម្មភាពជា ច្រើន ពាក់ព័ន្ធនឹងកិច្ចការព្រំដែន ជាពិសេសការជំរុញឲ្យភាគីទាំងពីរ ពន្លឿនការបញ្ចប់ការចរចាពាក់ព័ន្ធនឹងផ្នែកមួយនៃខ្សែព្រំដែនដែលមិនទាន់បោះបង្គោលចំនួន១៤% ដើម្បីធ្វើការកសាងខ្សែបន្ទាត់ព្រំដែនរវាង ប្រទេស ទាំងពីរ។

សម្រាប់វិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីជាមានជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។

អង្គប្រជុំបានឯកភាពលើសារសំខាន់នៃការធ្វើការឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ នេះ រួមទាំងការរៀបចំសកម្មភាពរួមគ្នា ដូចជា ការផ្គូផ្គងធុរកិច្ច ការតាំងពិពណ៌ និងសិក្ខាសាលា ដើម្បីលើកកម្ពស់កាលានុវត្តភាពពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ ទន្ទឹមនឹងការជំរុញសកម្មភាពវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ។

សម្រាប់វិស័យអប់រំ ភាគីទាំងពីរបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ និងបានលើកទឹកចិត្តឲ្យពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំសម្រាប់ឆ្នាំ ២០១៩-២០២៣ និងការបន្តអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិ-ការក្នុងវិស័យកីឡា។

សម្រាប់វិស័យទេសចរណ៍ ភាគីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កាលពីខែមករា ឆ្នាំ២០២២ កន្លងទៅ និងបានលើកទឹកចិត្តឲ្យមានការចាប់ផ្តើមនៃកិច្ចប្រជុំក្រុមការងារទេសចរណ៍ចម្រុះលើកទី១ នៅកម្ពុជា ក្នុងឆ្នាំ២០២២ នេះ។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ(ខាងស្តាំ) និងលោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ

ប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (14th JCBC) កម្ពុជា និងឡាវ នៅរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២

(រូបថតក្រសួងការបរទេស) អង្គប្រជុំក៏បានពិភាក្សានិងរិះរកមធ្យោបាយនានាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀតផងដែរ រួមមាន៖ វិស័យហិរញ្ញវត្ថុ វប្បធម៌ ការងារ សុខាភិបាល ឧស្សាហកម្ម ថាមពល កសិកម្ម បរិស្ថាន ដឹកជញ្ជូន ព័ត៌មាន ទូរគមនាគមន៍និងព័ត៌មានវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

សម្រាប់កិច្ចសហប្រតិបត្តិការអនុតំបន់ និងតំបន់ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងអង្គការអន្តរជាតិ តំបន់ និងអនុតំបន់នានា ដែលប្រទេសទាំងពីរជាសមាជិក។

លោកឧបនាយករដ្ឋមន្ត្រី សាលើមសៃ គុំម៉ាស៊ីត បានគូសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់លោក និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាក៏ដូចជាលទ្ធផលជាផ្លែផ្កាដែលទទួលបានកន្លងមក។

កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) ត្រូវបានបញ្ចប់ដោយ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ដែលនឹងក្លាយជាផែនទីចង្អុលផ្លូវសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នាដើម្បីលើកស្ទួយភាពជាដៃគូដែលមានស្រាប់ឲ្យកើនឡើងទៅកម្រិតថ្មីមួយទៀត។

ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំ JCBC លើកទី១៥ នៅឆ្នាំ ២០២៤ នៅប្រទេសឡាវ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា