បណ្តាញសង្គម

ក្រសួងមុខងារសាធារណៈ កំពុងសិក្សាផ្លាស់ប្តូរកាតធម្មតារបស់មន្រ្តី​រាជការ ទៅជាកាតឌីជីថល ​ អាចប្រើជាមួយម៉ាស៊ីន ATM បាន

ក្រសួងមុខងារសាធារណៈ កំពុងសិក្សាការផ្លាស់ប្តូរកាតធម្មតា របស់មន្រ្តីរាជការស៊ីវិលទៅជាកាតឌីជីថល ដែលអាចប្រើជាមួយម៉ាស៊ីន ATM បាន ពេលបើកប្រាក់បៀវត្សដោយមិនចាំបាច់ប្រើកាត ATM របស់ធនាគារទៀតទេ។

នៅក្នុងសិក្ខាសិលា ស្តីពី រដ្ឋាភិបាលឌីជីថលតាមរយៈប្រព័ន្ធអនឡាញ ដែលមានកាចូលពីតំណាងស្ថានទូតសិង្ហបុរី និងដៃគូរពាក់ព័ន្ធផ្សេងៗ នៅថ្ងៃទី ៧ ខែកក្កដានេះ លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា

ដោយយល់ព្រមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងមុខងារសាធារណៈ កំពុងសិក្សាការផ្លាស់ប្តូរកាតធម្មតា របស់មន្រ្តីរាជការស៊ីវិលទៅជាកាតឌីជីថល ដែលអាចប្រើជាមួយម៉ាស៊ីន ATMបាន ពេលបើកប្រាក់បៀវត្ស និងលក្ខណៈពិសេសផ្សេងៗ មួយចំនួនទៀត។

លោករដ្ឋមន្ត្រី បានបន្តថា ការបង្កើតកាតឌីជីថលសម្រាប់មន្ត្រីរាជការស៊ីវិលនេះ គឺដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ការកសាងរដ្ឋាភិបាលឌីជីថល ជាសសរស្តម្ភចាំបាច់ និងត្រូវបោះជំហានមុន ដើម្បីជំរុញល្បឿនក្នុងការកសាងពលរដ្ឋ និងធុរកិច្ចឌីជីថល និងធានាភាពជោគជ័យខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលទាំងមូល។

លោករដ្ឋមន្ត្រី បានបន្តទៀតថា រដ្ឋាភិបាលឌីជីថល គឺជាការរៀបចំប្រព័ន្ធអភិបាលកិច្ច ការកែលម្អ និងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការបម្រើសេវាសាធារណៈ តាមរយៈការធ្វើបដិវត្តកម្មឌីជីថលរបស់ក្រសួងស្ថាប័នលើការគ្រប់គ្រង

និងរចនាសម្ព័ន្ធ ដែលនាំឲ្យប្រជាពលរដ្ឋ និងធុរកិច្ច ចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពប្រសិទ្ធផលតម្លាភាព ការបើកចំហ ក៏ដូចជាជំរុញសម្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

សូមជម្រាបថា បច្ចុប្បន្ននេះកាតសម្គាល់ខ្លួន របស់មន្ត្រីរាជការស៊ីវិល មិនអាចប្រើប្រាស់ជាមួយម៉ាស៊ីន ATM បានទេ ដែលតម្រូវឲ្យមន្ត្រីរាជការម្នាក់ៗ ត្រូវធ្វើការATM សម្រាប់បើកប្រាក់បៀវត្សប្រចាំខែទៅតាមធនាគារជាដៃគូ រួមមាន៖ ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ា ជាដើម៕

ដកស្រង់ពី៖ កម្ពុជាថ្មី