បណ្តាញសង្គម

សម្ដេចតេជោ ស្នើក្រសួងអប់រំពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូចឲ្យស្សិស្សចូលរួមលើកទឹកចិត្តកីឡាប្រកួតស៊ីហ្គេមវ

រាជធានីភ្នំពេញ ៖ ដើម្បីផ្តល់ឱកាសឲ្យសិស្ស-និស្សិត ចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិ ស្សមកាលតូច នាឱកាសការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាបានឲ្យដឹងថា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះឲ្យទទួលបានជោគជ័យខ្ពស់ សម្តេចបានដាក់ចេញគោលការណ៍ដូចជា ៖

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញាគ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឲ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារ ដែលត្រូវការពេលយូរត្រូវចាប់ផ្ដើមពីពេលនេះតទៅដូចជា ការជួសជុ លកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅហូបចុក និងដឹកជញ្ជូនជាដើម ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ៖«ខ្ញុំសូមស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូចក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣

ដើម្បីផ្តល់ឱកាសឲ្យសិស្ស-និស្សិត ចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករកីឡាការិនីជាតិ-អន្តរជាតិ»។ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានជោគជ័យ ។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។

កម្ពុជាបានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ។ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ។

កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយ ប្រសិនបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡា និងមិនមានធនធានថវិកាទេនោះ ។

កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណ៣០លានដុល្លារសម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម និងកីឡាអាស៊ីអាគ្នេយ៍ ។ ក្នុងនោះកម្ពុជា បានសន្សំប្រាក់សម្រាប់ចំណាយលើការប្រកួតនេះក្នុងមួយឆ្នាំប្រមាណជា៤០ពាន់លានរៀល ឬស្មើនឹង១០លានដុល្លារអាមេរិក ៕

ដកស្រង់ពិ៖ កោះសន្តិភាព