បណ្តាញសង្គម

កម្ពុជាត្រូវចាំដល់ឆ្នាំ២០២៦ ឬ២០២៧ ទើបទេសចរអន្តរជាតិវិល ទៅរកកំណើនដូចឆ្នាំ២០១៩ វិញ

(ភ្នំពេញ)៖ យ៉ាងហោចណាស់កម្ពុជា ត្រូវចាំអ៊ុតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ទើបស្ថានភាពនិងចំនួនភ្ញៀវទេសចរអន្តរជាតិវិល ទៅរកកំណើនដូចកាលពីឆ្នាំ២០១៩ ដែលមិនទាន់មានវិបត្តិជំងឺកូវីដ១៩រីករាលដាល ខណៈភាពរឹងស្ទះដល់ការទាក់ទាញកំណើននេះ គឺដោយសារវិបត្តិធំៗរបស់សកលលោក, នេះបើតាមការវាយតម្លៃរបស់ក្រសួងទេសចរណ៍។

គួរជម្រាបថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៦លាននាក់ កើនឡើង៦.៦% បើធៀបនឹងឆ្នាំ២០១៨ ប៉ុន្តែដោយសារនាពេលបន្ទាប់កម្ពុជាត្រូវជួបនឹងវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ ចំនួនភ្ញៀវទេសចរក៏ត្រូវធ្លាក់ចុះជាលំដាប់ ជាក់ស្ដែងនៅឆ្នាំ២០២០ មានភ្ញៀវអន្តរជាតិតែ១.៣លាននាក់ ធ្លាក់ចុះ-៨០.២% ហើយនៅឆ្នាំ២០២១ ទទួលបាន១៩ម៉ឺននាក់ ថយចុះ-៨៥%។

ទាំងនេះគឺដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ហើយមិនធ្លាប់មានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។

នៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួងទេសចរណ៍ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) នាថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២២ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា «វិស័យទេសចរណ៍កម្ពុជាមានចក្ខុវិស័យប្រកបដោយសុទិដ្ឋិនិយមថា នឹងអាចវិលទៅរកសភាពប្រហាក់ប្រហែលនឹងស្ថានភាពទេសចរណ៍ឆ្នាំ២០១៩វិញ នៅក្នុងឆ្នាំ២០២៦»។

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះបានបញ្ជាក់ថា សម្ពាធពីកត្តាខាងក្រៅមួយចំនួនដែលយើងកំពុងជួបនោះ មានដូចជាចរន្តនៃការធ្វើដំណើរទេសចរចេញក្រៅសំខាន់ៗ លទ្ធភាពនៅក្នុងការផ្លាស់ប្តូរគោលនយោបាយគ្មានកូវីដ-១៩ (Zero-COVID Policy) របស់ប្រទេសចិននៅក្នុងពេលខាងមុខ

ឥទ្ធិពលនៃវិបត្តិនៅអ៊ុយក្រែន ឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចដែលបានធ្វើឱ្យមានការថមថយអំណាចទិញ គឺសុទ្ធបានជំរុញឱ្យមានការផ្លាស់ប្តូរគោលដៅនៃការតភ្ជាប់មកកាន់កម្ពុជាទាំងតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

ម្យ៉ាងទៀត ការប្រកួតប្រជែងស្រួចស្រាលពីប្រទេសជិតខាងដែលជាគោលដៅទាក់ទាញទេសចរពីប្រភពទីផ្សារដូចគ្នា និងការផ្លាស់ប្តូរឥរិយាបទនៃការធ្វើដំណើររបស់ទេសចរជាសកលផងនោះ ក៏ជាកត្តារួមចំណែករាំងស្ទះក្នុងការទាក់ទាញកំណើននេះដែរ។ សម្ពាធពីកត្តាខាងក្រៅទាំងនេះហើយដែលអាចនឹងធ្វើឱ្យចក្ខុវិស័យទេសចរណ៍មានការប្រែប្រួល អាចឈានដល់ការពន្យារពេលនៃការងើបទ្បើងវិញទៅរកស្ថានភាពប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ដែលត្រូវពន្យារពេលដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧។

ទោះបីជាកម្ពុជាទទួលរងនូវវិបត្តិសកលលោកយ៉ាងនេះក្ដី ប៉ុន្តែជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងស្មារតីបុរេសកម្ម និងហ្មត់ចត់ តាមរយៈការដាក់ចេញជាបន្តបន្ទាប់នូវវិធានការសុខាភិបាល វិធានការរដ្ឋបាល

និងវិធានការច្បាប់កម្ពុជាពិតជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩បានល្អប្រសើរ គួបផ្សំនឹងការដាក់ចេញនូវគោលនយោបាយជំនួយសេដ្ឋកិច្ច-សង្គមទាន់ពេលវេលា រួមមាន

គោលនយោបាយលើកលែងពន្ធអាករ ការលើកលែងកម្រៃអាជ្ញាបណ្ណទេសចរណ៍ និងកម្មវិធីជំនួយសាច់ប្រាក់ដល់ជនក្រីក្រផងនោះ ពិតជាធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍មួយប្រកបដោយសុវត្ថិភាព

និងបៃតងក្នុងតំបន់ និងសកលលោក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយក្នុងតំបន់ដែលបានមានលក្ខខណ្ឌធ្វើដំណើរចេញ-ចូលប្រទេសមានភាពងាយស្រួល និងធានាបាននូវសុវត្ថិភាពជូនទេសចរជាតិ-អន្តរជាតិ។ នេះបើតាមការបន្ថែមរបស់លោករដ្ឋលេខាធិការប្រចាំការ ទិត ចន្ថា។

លោកបានលើកឡើងទៀតថា ស្ថិតក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់នេះ ការចូលរួមមិនអាចខ្វះបានរបស់គ្រប់ភាគីពាក់ព័ន្ធ ដោយឈរលើគោលការណ៍ចតុភាគីរដ្ឋ-ឯកជន-ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ-ដៃគូនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី នឹងក្លាយជាចលករក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យវិលមករកភាពដើមវិញ ស្របតាមចក្ខុវិស័យដែលបានចែងក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩។

បើតាមលោក ទិត ចន្ថា ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការរបស់ស្ថាប័ន អង្គភាព ផ្នែកឯកជន និងភាគីពាក់ព័ន្ធបានចូលរួមនិងអនុវត្តសម្រេចផែនការសកម្មភាពលម្អិតដែលមានចែងក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ

និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ បានប្រមាណជិត៧០ភាគរយ និងកំពុងបន្តអនុវត្តបញ្ចប់ផែនការដំណាក់កាលទី១ និងបន្តអនុវត្តផែនការដំណាក់កាលទី២ឱ្យមានប្រសិទ្ធភាពខ្ពស់ និងឈានទៅស្រោចស្រង់វិស័យទេសចរណ៍កម្ពុជាឱ្យវិលមករកសភាពដើមវិញឱ្យបានឆាប់បំផុត និងកាន់តែរីកចម្រើនថែមទៀត ដើម្បីចូលរួមដល់សេដ្ឋកិច្ចជាតិ បង្កើតការងារ និងតម្លៃបន្ថែមជូនជាតិ និងប្រជាពលរដ្ឋគ្រប់រូប។

គួរជម្រាបថា សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង ៣៩៤ % ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ-៨៤.៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិ)។

កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់១លាននាក់នៅក្នុងឆ្នាំ២០២២នេះ និងប្រមាណ២លាននាក់នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២៕

ដកស្រង់ពី៖ Fresh News