បណ្តាញសង្គម

សិស្ស និស្សិត និងយុវជនគាំទ្រ ការហាមឃាត់កិច្ចសហការ ជាមួយឧស្សាហកម្មថ្នាំជក់

ភ្នំពេញៈ សិស្ស និស្សិត គាំទ្រសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការហាមឃាត់ការប្រើប្រាស់ ការផ្សព្វផ្សាយ ការតាំងលក់ផលិតផលថ្នាំជក់ និងកិច្ចសហការជាមួយ ឧស្សាហកម្មថ្នាំជក់។

ការគាំទ្រនេះ ធ្វើឡើងតាមរយៈការចូលរួម របស់សិស្ស និស្សិត និងយុវជន មកពីរាជធានីខេត្ត ក្នុងការប្រកួតនិយាយសាធារណៈ ក្រោមប្រធានបទ « ហេតុអ្វីបានជាគ្រឹះស្ថានអប់រំ មិនត្រូវចាប់ដៃគូ ជាមួយក្រុមហ៊ុនថ្នាំជក់? » ដែលរៀបចំឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា ដែលការប្រកួតនោះ ត្រូវបានធ្វើ ជាបន្តបន្ទាប់មក ជាដំណាក់កាលៗ ដែលបានគ្រោងទុក ។

បេក្ខជនដែលចូលរួមប្រកួត បានបង្ហាញថា ក្រុមហ៊ុនថ្នាំជក់ មានចេតនាទាក់ទាញ ឱ្យមានការប្រើប្រាស់ថ្នាំជក់ តាមរយៈការផ្សាយពាណិជ្ជកម្មថ្នាំជក់ ការបង្កើតផលិតផល ជំនាន់ថ្មី ដែលទាក់ទាញខ្លាំងចំពោះយុវជន និងការធ្វើសកម្មភាពឧបត្ថម្ភនានា និងបង្កើតទំនាក់ទំនងសាធារណៈ ក្នុងគ្រឹះស្ថានសិក្សា និងស្ថាប័នដទៃទៀត ដើម្បីបិទបាំង ពីផលអាក្រក់ នៃ ការប្រើប្រាស់ថ្នាំជក់ ។

ការសិក្សារបស់ស្ថាប័នជំនាញនានា ដូចជាអង្គការសុខភាពពិភពលោកជាដើម អះអាងថា នៅម្ពុជាមានមនុស្សស្លាប់ ប្រមាណជា ១៥.០០០ នាក់ ជារៀងរាល់ឆ្នាំ បណ្ដាលមកពី ការប្រើប្រាស់ថ្នាំជក់ ហើយរបាយការណ៍ អង្គការសហប្រជាជាតិ អះអាងថា កម្ពុជាខាត់បង់ ថវិកាប្រមាណ ៦៤៩ លានដុល្លារ សហរដ្ឋអាម៉េរិក ដោយសារតែថ្នាំជក់ ។

គឺដោយសារកត្តា អវិជ្ជមានទាំងឡាយនេះជាដើមហើយ ត្រូវបានទទួលស្គាល់ជាទូទៅថា ការផ្ដូចផ្ដើមការហាម ឃាត់កិច្ចសហការជាមួយ ឧស្សាហកម្មថ្នាំជក់របស់ ក្រសួងអប់រំ យុវជន និងកីឡា គឺជាការរួមចំណែក ក្នុងការអនុវត្តអនុសញ្ញា ស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលកម្ពុជា គឺជារដ្ឋភាគី ។

នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅអគាររដ្ឋបាលក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនឆ្នើមទាំង ១០ រូប ដែលត្រូវបាន ជ្រើសរើសចេញពីជាង ៣០០ នាក់ មកពីរាជធានី ខេត្ត ។

បេក្ខជនឆ្នើមទាំង ១០ រូបនេះ មកពីវិទ្យាល័យជំនាន់ថ្មី គោកព្រីង ខេត្តស្វាយរៀង វិទ្យាល័យទួលទំពូង រាជធានីភ្នំពេញ វិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ខេត្តរតនគិរី សាលា CIA FIRST រាជធានីភ្នំពេញ សាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងរាជបណ្ឌិត្យសភា កម្ពុជា ។

បេក្ខជនឆ្នើមទាំង៥រូប នឹងត្រូវបានជ្រើសរើសទៅវគ្គផ្ដាច់ព្រ័ត្រ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា