បណ្តាញសង្គម

សម្ដេចតេជោ ស្នើឲ្យបន្តអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុក ដើម្បីជំរុញវិស័យនេះឲ្យប្រសើរ

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានណែនាំដល់ភាគីពាក់ព័ន្ធត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេសចរណ៍ព្រមទាំងយុទ្ធសាស្ត្រនានាបានដាក់ចេញក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍ឲ្យប្រសីរឡើងវិញ ។

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងមួយទសវត្សរ៍ចុងក្រោយវិស័យ ទេសចរណ៍នៅកម្ពុជារីកលូតលាស់គួរឲ្យកត់សម្គាល់ តែជាអកុសលការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលពីរឆ្នាំចុងក្រោយបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ។

សម្ដេចតេជោ មានប្រសាសន៍ថា «ត្រូវធានានូវការអភិវឌ្ឍប្រកបដោយចីរភាពភាពធន់ និងបរិយាបន្នក្នុងនោះក្រុមការងាររាជរដ្ឋាភិបាល និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តជំរុញការអនុវត្តក្របខណ្ឌ និងយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យទេសចរណ៍ ព្រមទាំងយុទ្ធសាស្ត្រនានា ដែលបានដាក់ចេញក្នុងការជំរុញសន្ទុះនៃវិស័យទេសចរណ៍ ។

ក្រសួងទេសចរណ៍ត្រូវបន្តតាមដាន និងវិភាគស្ថានភាពវិស័យ ទេសចរណ៍កម្ពុជា តំបន់ និងសកលលោកឱ្យបានជាប់ជាប្រចាំ»

។សម្ដេចតេជោ បន្ដថា បន្តជំរុញការស្តារឡើងវិញនៃវិស័យទេសចរណ៍ដោយបន្តអនុវត្តកម្មវិធីគាំពារអាជីវកម្មទេសចរណ៍ តាមរយៈការផ្តល់ការអនុគ្រោះផ្នែកសារពើពន្ធកម្មវិធីសហហិរញ្ញប្បទាន និងកម្មវិធីផ្តល់ការធានាឥណទានតាមរយៈសាជីវកម្មធានាឥណទានកម្ពុជា ។

ជាមួយគ្នានោះដែរ សម្ដេចថា ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធបន្តពង្រឹងការអភិវឌ្ឍមូលធនមនុស្សនៅក្នុងវិស័យទេសចរណ៍ ការអភិវឌ្ឍជំនាញ ការជំរុញអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍សំដៅឈានដល់ការអភិវឌ្ឍ«ទេសចរណ៍ឆ្លាត» ប្រកបដោយចីរភាពភាពធន់ និងបរិយាបន្ន ។

សម្ដេចតេជោ បន្ថែមថា បង្កើនភាពទាក់ទាញគោលដៅកម្ពុជា សម្រាប់ទីផ្សារទេសចរណ៍ជាតិ និងអន្តរជាតិតាមរយៈបន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី

ជំរុញពិពិធកម្មគោលដៅផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែងខ្ពស់។លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា

ត្រូវសិក្សាប្រភពទីផ្សារគោលដៅដែលមានសក្តានុពល និងចាប់យកបច្ចេកវិទ្យាឌីជីថលទាំងរដ្ឋ និងវិស័យឯកជន ពិសេសការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍តាមបែបឌីជីថលការទូទាត់តាមប្រព័ន្ធឌីជីថល និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ៕

ដកស្រង់ពី៖ កោះសន្តិភាព