បណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេច​តែង​តាំងសមាសភាពគណៈកម្មាធិការ​ប្រកួតប្រជែងកម្ពុជា

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា។

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា មានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាប្រធាន និងមានអនុប្រធាន ព្រមទាំងសមាជិក ១៤នាក់ផ្សេងទៀត។

គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ហៅកាត់ថា គ.ប.ក. មានតួនាទី និងភារកិច្ច ដូចខាងក្រោម៖

១– រៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ដែលទាក់ទងដល់ការប្រកួតប្រជែង។

២– ផ្ដល់យោបល់លើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដែលពាក់ព័ន្ធដល់ការប្រកួតប្រជែង ជូនរាជរដ្ឋាភិបាល។

៣– ស្នើសុំរាជរដ្ឋាភិបាលធ្វើការកែសម្រួល ឬវិសោធនកម្មលើលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលប៉ះពាល់ដល់ការប្រកួតប្រជែង។

៤– ចេញសេចក្ដីសម្រេច ចេញវិធានការផ្អាក ឬឃាត់ទុកជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យជាប្រាក់។ ៥– បង្កើតបែបបទ និងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ។

៦– បង្កើតវិធានទាក់ទងនឹងទំនាស់ផលប្រយោជន៍របស់សមាជិកគ.ប.ក.។

៧– រៀបចំលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។

៨– រៀបចំលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ការអនុញ្ញាត ចំពោះការព្រមព្រៀង ឬសកម្មភាពណាមួយពាក់ព័ន្ធនឹងការប្រកួតប្រជែង។

៩– រៀបចំលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ការអនុញ្ញាតជាសមូហភាពចំពោះការព្រមព្រៀង ឬសកម្មភាពណាមួយ ពាក់ព័ន្ធនឹងការប្រកួតប្រជែង។

១០– រៀបចំលក្ខខណ្ឌ និងនីតិវិធីអំពីគោលការណ៍អនុគ្រោះលើការផាកពិន័យជាប្រាក់។

១១– ធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ឬបញ្ញត្តិករ មានសមត្ថកិច្ចជាតិ រដ្ឋបរទេស និងអន្តរជាតិពាក់ព័ន្ធនឹងការប្រកួតប្រជែង។ ១២– ទទួលពាក្យបណ្តឹង។

១៣– បង្កើតបទប្បញ្ញត្តិ និងវិធានផ្សេងៗទៀត ដែលជាសមត្ថកិច្ចរបស់គ.ប.ក. ពាក់ព័ន្ធនឹងការប្រកួតប្រជែង៕

ដកស្រង់ពី៖ កោះសន្តិភាព