បណ្តាញសង្គម

លោក ឃួង​ ស្រេង ព្រមានក្រុម​ហ៊ុនទទួល​ម៉ៅការសាងសង់បន្ថែម​ស្ថានីយបូមទឹក​បឹង​ទំពុន

រាជធានីភ្នំពេញ ៖ ក្នុងពេលចុះពិនិត្យស្ថានីយបូមទឹកបឹងទំពុន នាព្រឹកថ្ងៃទី១៩ ខែមិថុនា បន្ទាប់ពីភ្លៀងមួយមេរួច កាលពីរសៀលថ្ងៃទី១៨ ខែកក្កដានោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឆេះដុំយ៉ាងខ្លាំងដោយព្រមានត្រង់ៗទៅក្រុមហ៊ុនទទួលម៉ៅការសាងសង់បន្ថែមស្ថានីយបូមទឹកបឹងទំពុន ដោយសារមានភាពយឺតយ៉ាវ និងសន្យាថា ស្ថានីយដែលកំពុងសាងសង់នោះអាចដំណើរការបូមទឹកបាននៅពាក់កណ្តាលខែមិថុនានេះ ប៉ុន្តែនៅពេលចុះពិនិត្យផ្ទាល់ មិនអាចដំណើរការបូមបានឡើយ។

ក្រុមហ៊ុនទទួលម៉ៅការសាងសង់បន្ថែមស្ថានីយបូមទឹកបឹងទំពុន ដែល ទទួលរងការព្រមាននោះ មានឈ្មោះ ថា ក្រុមហ៊ុន SCE ដែល គេស្គាល់ថា ក្រុមហ៊ុននេះ បានទទួលម៉ៅការសាងសង់ ស្ថានីយបូមទឹកជាច្រើន នៅក្នុងរាជធានីភ្នំពេញ ដូចជា ស្ថានីយបូមទឹក ទួលគោក ស្ថានីយបូមទឹក បឹងត្របែកជាដើម ។

លោក ឃួង ស្រេង បានព្រមានត្រង់ៗនៅចំពោះមុខមន្ត្រីជាច្រើនដែលចូលរួមដោយបញ្ជាក់ទៅតំណាងក្រុមហ៊ុននោះថា «លោកបានសន្យាថា ពាក់កណ្ដាលខែនេះ អាចដំណើរការបូមបាន តែលទ្ធផលបូមទឹកមិនទាន់បាន ? លោកធ្វើបែបនេះ អោយរាជធានីភ្នំពេញអាម៉ាស់មុខ !

លោក គួរតែឈប់ធ្វើការជាមួយសាលាក្រុងទៀតទៅ» ។ចំណែក តំណាងក្រុមហ៊ុន ម៉ៅការសាងសង់ ស្ថានីយបូមទឹកបឹងទំពុន បានអោយកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទ នៅថ្ងៃដដែលនោះថា ក្រុមហ៊ុនរបស់លោកបានទទួលម៉ៅការស្ថាបនាបន្ថែមស្ថានីយបូមទឹកនេះ កាលពីអំឡុងខែមីនា ឆ្នាំមុនរហូតមកដល់ពេលនេះ ស្ថាបនាបាន៩៩%ហើយ

គឺអាចដំណើរការបូមបាននៅចុងសប្ដាហ៍នេះដែលមានបំពាក់ម៉ូទ័រចំនួន៣គ្រឿង ក្នុងនោះ២គ្រឿង មានមុខកាត់មួយម៉ែត្រពីរតឹក និងមួយគ្រឿងទៀតមានមុខកាត់មួយម៉ែត្រកន្លះ ដែលមានសមត្ថភាពបូមទឹកបានជិត៣ម៉ឺនម៉ែត្រគូបក្នុងមួយម៉ោង ។

បន្ទាប់ពីពិនិត្យស្ថានីយបូមទឹករួច លោកឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំនួន២នោះ គឺខណ្ឌមានជ័យ និងខណ្ឌទួលគោក ពិនិត្យប្រឡាយដោយចាប់ផ្តើមចេញពីចំណុចស្ថានីយបូមទឹកបឹងទំពុន ខណ្ឌមានជ័យ ដើរតាមមាត់ប្រឡាយ រហូតមកដល់ប្រឡាយបឹងសាឡាង ផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

លោក ឃួង ស្រេង បានជំរុញឱ្យក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ សហការគ្នាធ្វើយ៉ាងណាស្ដារប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យ

និងប្រឡាយបឹងសាឡាងអោយបានលឿន ដើម្បីបង្ការក៏ដូចជា អាចរំដោះទឹកបាននារដូវវស្សានេះ ពិសេសនៅប្រមាណ៣ទៅ៤ថ្ងៃខាងមុខនេះ បើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមនៅរាជធានីភ្នំពេញរបស់យើងនឹងអាចមានភ្លៀងធ្លាក់ខ្លាំង ដែលយើងត្រូវតែត្រៀមលក្ខណៈ ដើម្បីទប់ទល់កុំអោយលិចលង់ខ្លាំងដោយជំនន់ទឹកភ្លៀងនេះ ។

លោកឃួង ស្រេង បានបញ្ជាក់ថា បញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាកង្វល់របស់អាជ្ញាធររាជធានី និងមន្ទីរពាក់ព័ន្ធ ។

ដូច្នេះទាំងអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នារិះរកអោយអស់គ្រប់មធ្យោបាយធ្វើយ៉ាងណានាំទឹកអោយទៅដល់ស្ថានីយបូមទឹកនោះការលិចលង់នឹងអាចដោះស្រាយបាន ។

ចំពោះមុខនេះ យើងត្រូវស្តារកាយប្រឡាយទឹកអោយហូរអោយបានលឿន មកស្ថានីយបឹងទំពុន និងមួយផ្នែកទៀត ត្រូវស្តារ និងកាយប្រឡាយទឹកនេះ អោយហូរទៅប្រឡាយបារាំង ដើម្បីអោយទឹកហូរលឿនទៅដល់ស្ថានីយបូមទឹកលូប្រាំ ។

គួរបញ្ជាក់ថា នៅពេលនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការកាយ ស្តារប្រឡាយបឹងទំពុន ក្នុងគោលបំណងធ្វើយ៉ាងណាអោយទឹកហូរបានលឿន ដែលអាចរំដោះទឹកបាននៅរដូវវស្សានេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព