បណ្តាញសង្គម

រដ្ឋមន្ត្រី​ធនធានទឹក​កម្ពុជា និង​អនុរដ្ឋមន្ត្រី​កសិកម្ម​ជប៉ុន ជួបពិភាក្សា​ការងារ លើ​គម្រោង​ស្រោចស្រព និង​ដោះ​ទឹក ភាគ​និរតី​

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា បានអនុញ្ញាតឱ្យលោក មីយ៉ាហ្សាគី ម៉ាសាវ (MIYAZAKI Masao) សមាជិក សភា និងជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុន រួមជាមួយសហការី ចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ គម្រោងជំនួយលើវិស័យធនធាន ទឹក នាទីស្តីការក្រសួង។

លោក លឹម គានហោ រដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និង ឧតុនិយម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាល

និងប្រជាជនជប៉ុន តាមរយៈលោក មីយ៉ាហ្សាគី ម៉ាសាវ (MIYAZAKI Masao) ដែលបាននឹងកំពុងបន្ត ជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យធនធានទឹក ត្រូវបានពង្រឹងពង្រីក

និងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយនឹងបន្តនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងល្អ ជាប្រវត្តិសាស្ត្រយូរលង់មកហើយ ឲ្យកាន់តែល្អប្រសើរ

និងកាន់តែរឹងមាំបន្ថែមទៀត។លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក មីយ៉ាហ្សាគី ម៉ាសាវ អំពីសមិទ្ធផលនិងការងារ ដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខ ក្នុងក្របខណ្ឌ វិស័យធនធានទឹក

និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈម ក្នុងបរិបទនៃ ការបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹក សម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងឱកាសខាងលើ លោករដ្ឋមន្ត្រី ក៏បានស្នើលោក មីយ៉ាហ្សាគី ម៉ាសាវ ដែលជាអ្នកបច្ចេកទេស មានបទពិសោធន៍ និងធ្លាប់ជាជំនាញការ ប្រចាំក្រសួងធនធានទឹក និងឧតុនិយមផងនោះ ឱ្យធ្វើការពិចារណា និងជួយជំរុញគម្រោងកែលម្អ

និងស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគនិរតី រាជធានីភ្នំពេញ (CP-P14) ឲ្យឆាប់បានដំណើរការ។ លោក មីយ៉ាហ្សាគី ម៉ាសាវ (MIYAZAKI Masao) បានឆ្លើយតបដោយបង្ហាញ នូវសេចក្តីរីករាយ

ដែលបានជួបពិភាក្សាការងារផ្ទាល់ ជាមួយលោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ លើវិស័យធនធានទឹក និងឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្ត ដែលត្រូវអនុវត្តក្នុងបេសកកម្ម រួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ច ប្រទេសកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត។

លោក មីយ៉ាហ្សាគី ម៉ាសាវ បានជម្រាបជូនលោករដ្ឋមន្ត្រី នូវការប្តេជ្ញាចិត្តបន្តរួមចំណែកជួយ របស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចំរើន

តាមរយៈការធ្វើ យ៉ាងណា ឲ្យមាននិរន្តរភាព សម្រាប់ប្រព័ន្ធស្បៀងអាហារ ការធ្វើឲ្យប្រសើរឡើងនូវ បទដ្ឋានបច្ចេកទេសធារាសាស្ត្រ និងការផ្តល់ជំនួយផ្នែកបច្ចេកទេស ដោយជំនាញការ ដែលមានបទពិសោធន៍។

ពាក់ព័ន្ធនឹងគម្រោងកែលម្អ និងស្តារឡើងវិញ នូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតី រាជធានីភ្នំពេញ (CP-P14) លោក មីយ៉ាហ្សាគី ម៉ាសាវ សន្យាថា

នឹងធ្វើការ ពិភាក្សាគ្នា ជាមួយអង្គការ JICA ដើម្បីបន្តជំរុញគម្រោងនេះ ឲ្យចេញជារូបរាងឡើង បន្ទាប់ពីការសិក្សាដំណាក់កាលទី១ ដែលកុងស៊ុលតង់គម្រោង បានជ្រើសរើសយក អនុគម្រោង រលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ

និងផ្នែកខ្លះនៃអនុគម្រោង កណ្តាលស្ទឹង-បាទី ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ សម្រាប់យកមកអនុវត្តការងារសាងសង់ ដែលមានថវិកា សរុបចំនួនជាង ៥១ លានដុល្លារអាមេរិក ។

នៅក្នុងដំណាក់កាលទី២ កុងស៊ុលតង់គម្រោង បានជ្រើសរើសយកអនុគម្រោងស្លាគូ ស្ថិតក្នុងខេត្តតាកែវ អនុគម្រោងប្រឡាយ ៣៥ ស្ថិតក្នុងខេត្តកំពង់ស្ពឺ អនុគម្រោងស្រះប្រាំបី ស្ថិតក្នុងខេត្តកណ្តាល

និងផ្នែកខ្លះនៃអនុគម្រោង កណ្តាលស្ទឹង-បាទី ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ សម្រាប់យកមកអនុវត្តការងារសាងសង់ ដែលត្រូវការថវិកាសរុប ចំនួនជាង ៧០ លានដុល្លារអាមេរិក៕

ដកស្រង់ពី៖ រស្មីកម្ពុជា