បណ្តាញសង្គម

ត្រៀម​ជួសជុល​មហាវិថី ឈ្នះ​ឈ្នះ ឱ្យ​រួចរាល់​នៅ​មុន​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ចុងឆ្នាំ​២០២៣

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ ដែលមានប្រវែងជាង៧គីឡូម៉ែត្រឡើងវិញ ដើម្បីសម្រួលចរាចរណ៍ និងលើកសោភណ្ឌភាពរាជធានីភ្នំពេញ អោយកាន់តែមានភាពស្រស់ស្អាត

ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅចុងឆ្នាំ២០២៣ ខាងមុខនេះ។ក្នុងកិច្ចប្រជុំលើគ្រោងនៃការជួសជុលកំណាត់មហាវិថីឈ្នះឈ្នះ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា

នេះ ជាមួយមន្ទីរ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៖

កំណាត់មហាវិថី ឈ្នះឈ្នះ ត្រូវតែជួសជុលឡើងវិញអោយស្អាត ជាមួយនឹងការរៀបចំចិញ្ចើមផ្លូវ សួន និងការដាក់ប្រព័ន្ធលូសងខាងផ្លូវផងដែរ ហើយគម្រោងនេះ ត្រូវតែធ្វើអោយបានលឿន ពោលគឺត្រូវតែរួចរាល់នៅមុន ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខណៈដែលកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះ ។

លោក ឃួង ស្រេង បានជម្រុញអោយក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវជួសជុលផ្លូវនេះប្រកបដោយសោភណ្ឌភាព និងត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាមួយនឹងការដាក់លូ ដែលអាចអោយទឹកហូរមិនមានដក់លើផ្លូវ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ក៏បានមានប្រសាសន៍បញ្ជាក់អោយដឹងថា ៖

កំណាត់មហាវិថី ឈ្នះឈ្នះ ដែលត្រូវជួសជុលឡើងវិញនេះ មានប្រវែង៧៣៤០ម៉ែត្រ ដោយចាប់ពីផ្លូវជាតិលេខ៦A រហូតដល់ស្ពានព្រែកព្នៅ។

ចំពោះការជួសជុសត្រូវចាក់បេតុងឆ្អឹងដែក រួចអ៊ុតកៅស៊ូ( AC) ពីរស្រទាប់ ដាក់ប្រព័ន្ធលូចាប់ពីគល់ស្ពានព្រែកព្នៅ ដល់ផ្លូវជាតិលេខ៦A រៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត

សងខាងផ្លូវ ជាមួយនឹងការ ការងារគូសគំនូសសញ្ញាចរាចរណ៍, តម្លើងផ្លាកសញ្ញាចរាចរ, តម្លើងបង្គោលអគ្គិសនីបំភ្លឺផ្លូវនៅបណ្ដោយសងខាងផ្លូវ និងការរៀបសួនច្បារកណ្ដាលទ្រូងផ្លូវផងដែរ។

គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខាងមុខ ខណៈពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ ហុកីឡដ្ឋានជាតិមរតកតេជោ បាននិងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាង។

ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា មិនត្រឹមជាមុខមាត់របស់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាសដែលកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ៕

ដកស្រង់ពី៖ កោះសន្តិភាព 

-