បណ្តាញសង្គម

អង្គការ​ភ្លែ​ន ចុះ​អនុស្សរណ​: ជាមួយ​ឌី​ជេ ណា​ណា ជា​ទូត​កិត្តិយស ដើម្បី​រួមគ្នា​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​ក្មេងស្រី នៅ​កម្ពុជា​

ភ្នំពេញ៖ អង្គការភ្លែនអន្តរជាតិកម្ពុជា (PLAN) បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ឡើងវិញជាមួយពិធីការិនី និងជាអ្នកសម្បូរវោហាស័ព្ទ ឌីជេ ណាណា ជាទូតកិត្តិយសរបស់អង្គការខ្លួន ដើម្បីសំដៅលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី នៅកម្ពុជា។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ធ្វើឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២២។ គួរបញ្ជាក់ថា ឌីជេ ណាណា ឬមានឈ្មោះដើម នាង សុវ៉ាតនា ជាពិធីការិនី ដែលមានប្រជាប្រិយភាព

ហើយលេចធ្លោក្នុងបណ្ដាញសង្គម តែងតែផ្តល់ចំណេះដឹង ការលើកទឹកចិត្តស្ត្រី និងយុវ័យ ដែលគេរំពឹងថា តាមរយៈការចុះអនុស្សរណៈ នៃការយោគយល់នេះ នឹងជួយដល់ការផ្សព្វផ្សាយ និងក៏ដូចជាអប់រំក្នុងការលុបបំបាត់ការរំលោភបំពានលើសិទ្ធកុមារ ក៏ដូចជាលើកកម្ពស់សិទ្ធិកុមារ កាន់តែប្រសើរឡើងថែមទៀត។

លោកស្រី គ្វីន នេតវ៉ង នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា: អង្គការភ្លែន បានចាប់ផ្តើមបេសកកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាចាប់តាំងតែពីឆ្នាំ២០០២ មកម្ល៉េះ

និងជាស្ថាប័នអភិវឌ្ឍន៍ និងមនុស្សធម៌មួយ ធ្វើការងារលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី អស់រយៈពេល ៨៥ ឆ្នាំមកហើយ នៅក្នុង ៧៥ ប្រទេស។

យើងខិតខំប្រឹងប្រែងដើម្បីពិភពលោកយុត្តិធម៌មួយ ធ្វើការជាមួយកុមារ និងប្រជាជនវ័យក្មេង ជាពិសេស ក្មេងស្រី ស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអនុវត្ត។

លោកស្រី បានបន្តឱ្យដឹងថា: សម្រាប់អង្គការភ្លែនអន្តរជាតិកម្ពុជានេះដែរ គឺយើងមានបេសកកម្ម ផ្តោតសំខាន់លើការកាត់បន្ថយគម្លាត នៃសមភាពយេនឌ័រ ដោយចាប់ផ្តើមពីដំណាក់កាលដំបូងនៃជីវិត ក្នុងចំណោមកុមារ និងឪពុកម្តាយរបស់ពួកគេ។

ក្មេងស្រី និងស្ត្រី មានចំនួនច្រើនជាងពាក់កណ្តាល នៃចំនួនប្រជាជនសរុប នៅលើភពផែនដីនេះ។ ដូច្នេះហើយ យើងត្រូវការការចូលរួមយ៉ាងសកម្ម ដើម្បីរួមចំណែកដំណោះស្រាយបញ្ហានានា ដែលកំពុងកើតមានឡើង ទៅលើជីវិតរបស់ពួកគេ។

អង្គការភ្លែនអន្តរជាតិកម្ពុជា និង ឌីជេ ណាណា ប្តេជ្ញាចិត្តជាមួយគ្នាថា ពួកយើងនឹងរួមគ្នា លើកកម្ពស់សមភាពយេនឌ័រក្នុងចំណោមក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង ក្នុងប្រទេសកម្ពុជា។លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា:

«ខ្ញុំមិនដឹងជារកពាក្យអ្វីមកថ្លែងអំណរគុណ ចំពោះ ឌីជេ ណាណា សម្រាប់ការគាំទ្រ ការប្តេជ្ញាចិត្ត ការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់គាត់កន្លងមក ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងលើកបង្ហាញស្ថានភាពរបស់កុមារ ជាពិសេស ប្រជាជនក្រីក្រ និងងាយរងគ្រោះ។

ចាប់តាំងពីឆ្នាំ២០១៧ គាត់បានចូលរួម នៅក្នុងសកម្មភាពជាច្រើន នៃបេសកកម្មរបស់ផែនការយុទ្ធសាស្ត្រ ប្រចាំប្រទេសអាណត្តិមុន គាត់បានចូលរួមបំផុសគំនិត ក្មេងស្រី ក្មេងស្រីវ័យជំទង់

និងស្ត្រីវ័យក្មេង តាមរយៈសារលើកទឹកចិត្តទៅកាន់ពួកគេ ក្នុងការប្រើសិទ្ធិអំណាចរបស់ខ្លួន ស្វែងរកភាពខ្លាំង និងចំណេះដឹង និងជ្រើសរើសដោយឯករាជ្យ សម្រាប់ជីវិត ការអប់រំ ការងារ និងទំនាក់ទំនង»។

លោកស្រី គ្វីននេត វ៉ង បានបន្ថែមថា: ខ្លឹមសារ និងសាររបស់ ឌីជេ ណាណា បានបង្កើនការយល់ដឹង នៅលើវេទិកាសាធារណៈ អំពីបញ្ហាទាក់ទងនឹងក្មេងស្រី និងស្ត្រីវ័យក្មេង ដូចជា ការរើសអើង វិសមភាព ការបាត់បង់ឱកាស ការរំលោភបំពាន

និងអំពើហិង្សា។ តាមរយៈកិច្ចសហការនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់គាត់ ដែលគាំទ្រយុទ្ធនាការសកលរបស់អង្គការភ្លែនអន្តរជាតិ «ក្មេងស្រីត្រូវមានឱកាសស្មើគ្នា»

ព្រឹត្តិការណ៍ក្មេងស្រីកាន់តួនាទីជំនួស ទិវាអន្តរជាតិនារី មូលនិធិយុវជន និងកម្មវិធីជាច្រើនទៀត ឌីជេ ណាណា បានលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់យុវជនយ៉ាងសកម្ម។

ក្នុងពិធីនេះដែរ ឌីជេ ណាណា បានបង្ហាញការប្តេជ្ញាចិត្តធ្វើជាទូតកិត្តិយសរបស់ អង្គការភ្លែនអន្តរជាតិកម្ពុជារយៈពេលពីរឆ្នាំបន្ថែមទៀត ចាប់ពីខែកក្កដា ឆ្នាំ២០២២ រហូតដល់ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ថ្មីនេះ អ្នកនាង នឹងបន្តគាំទ្រអង្គការភ្លែនអន្តរជាតិកម្ពុជា ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសមភាពក្មេងស្រី ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង។

យុទ្ធសាស្ត្រប្រចាំប្រទេសថ្មី (២០២១-២០២៦) របស់អង្គការភ្លែនអន្តរជាតិកម្ពុជាផ្តោតសំខាន់លើការផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី ២,៥ លាននាក់ ជាពិសេស ក្មេងស្រីវ័យជំទង់ និងស្ត្រីវ័យក្មេង នៅក្នុងភាពចម្រុះផ្សេងគ្នារបស់ពួកគេ ដើម្បីអាច សិក្សា ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ។

ជាមួយគ្នានេះ អ្នកនាង នឹងចូលរួមលើកបង្ហាញបញ្ហា និងទាញចំណាប់អារម្មណ៍របស់សហគមន៍ និងសាធារណជនទូទៅ ឱ្យផ្តោតសំខាន់ទៅលើកុមារ និងយុវជន តាមរយៈយុទ្ធនាការ និងព្រឹត្តិការណ៍ជាសកល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា។

លើសពីនេះ ឌីជេ ណាណា នៅតែបន្តជាបុគ្គលគម្រូ និងល្អម្នាក់ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងសិទ្ធិក្មេងស្រីដែលមានចែងនៅក្នុងអនុសញ្ញា ស្តីពីសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ (UNCRC) ដូច្នេះកុមារ និងយុវជនអាចបំពេញបានសិទ្ធិ និងសម្រេចបានសក្តានុពលពេញលេញរបស់ខ្លួន៕

ដកស្រង់ពី៖ រស្មីកម្ពុជា