បណ្តាញសង្គម

ទេសាភិបាលធនាគារជាតិ៖វិបត្តិ​កូ​វីដ​-១៩ បាន​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​

ភ្នំពេញ៖វិបត្តិកូវីដ-១៩ បានផ្លាស់ប្តូរឥរិយាបថនៃការធ្វើអាជីវកម្ម គួរឱ្យកត់សម្គាល់ ទាំងចំពោះ អ្នកផលិត អ្នកលក់ និងអ្នកប្រើប្រាស់ដោយពឹងផ្អែកកាន់តែច្រើនលើការលក់-ទិញតាមប្រព័ន្ធអនឡាញ ដែលអាចធ្វើឡើងកាន់តែងាយស្រួលទាំងក្នុងនិងក្រៅប្រទេស ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានកត់សម្គាល់ដូច្នេះនៅក្នុងសុន្ទរកថាបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជាកាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

លោកទេសាភិបាលធនាគារជាតិបានបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានផ្លាស់ប្តូរឥរិយាបថនៃការធ្វើអាជីវកម្ម គួរឱ្យកត់សម្គាល់ ទាំងចំពោះ អ្នកផលិត អ្នកលក់ និងអ្នកប្រើប្រាស់ដោយពឹងផ្អែកកាន់តែច្រើនលើការ លក់-ទិញតាមប្រព័ន្ធអនឡាញដែលអាចធ្វើឡើងកាន់តែងាយស្រួលទាំងក្នុងនិងក្រៅប្រទេស ។

ស្របតាមការវិវត្តនេះ ប្រព័ន្ធទូទាត់កម្ពុជាត្រូវបានអភិវឌ្ឍនិងធ្វើទំនើបកម្មជាបន្តបន្ទាប់ ផ្អែកលើការរីកចម្រើនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ដែលលើកកម្ពស់អន្តរប្រតិបត្តិការនិងការតភ្ជាប់ឆ្លងព្រំដែន និងបានពង្រឹងការទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ ព្រមទាំងបានគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផងដែរ។

លោកបានបង្ហាញទឡ្ហីករណ៍ថា ជាក់ស្តែង ប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch) ប្រព័ន្ធបាគង ហើយថ្មីៗនេះ ខេអេចឃ្យូអរ (KHQR) ដែលជាឃ្យូអរកូតស្តង់ដាររួមសម្រាប់កម្ពុជា

ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយកម្មវិធីទូរស័ព្ទរបស់គ្រឹះស្ថានសមាជិកប្រព័ន្ធបាគង អាចស្កេនទូទាត់គ្នាទៅវិញទៅមក ព្រមទាំងបង្កើនសមាហរណកម្មការទូទាត់កម្ពុជាទៅក្នុងតំបន់ ។

ប្រព័ន្ធទូទាត់កម្ពុជា ក៏ត្រូវបានបង្កើនវិសាលភាពនៃការតភ្ជាប់ក្នុងតំបន់ ដែលបច្ចុប្បន្ន បានតភ្ជាប់ជាមួយប្រទេសថៃនិងម៉ាឡេស៊ី និងកំពុងតភ្ជាប់ជាមួយប្រទេសឡាវនិងវៀតណាមបន្ថែមទៀត

ដើម្បីគាំទ្រពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគី ទេសចរណ៍ និងការផ្ទេរប្រាក់របស់ពលករកម្ពុជានៅក្រៅប្រទេស ៕

ដកស្រង់ពី៖ រស្មីកម្ពុជា