បណ្តាញសង្គម

អភិបាល​រាជធានី ដឹកនាំ​ដាំ​ដើមឈើ ចំនួន​ជាង ១.០០០ ដើម ដោយ​ជំរុញ​ញ​ឱ្យ​មន្ទីរ​កសិកម្ម និង​អាជ្ញាធរ​ខណ្ឌ ទាំង​១៤ មើលថែ​ដើមឈើ ឱ្យបាន​ល្អ​

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំដាំដើមឈើ ចំនួន ១. ០៧២ ដើម និងបានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ពិនិត្យ និងមើលថែដើមឈើគ្រប់ប្រភេទ ដែលបានដាំរួច ឱ្យបានល្អ ពិសេសត្រូវជួយបំផុសប្រជាពលរដ្ឋ ឱ្យចេះស្រឡាញ់ និងមើលថែដើមឈើ កុំសម្លាប់ដើមឈើ ។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នេះ ក្នុងពិធីដាំដើមឈើ អបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅបរិវណវត្តភ្នៀតសិម្ពលី

ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ នៅរាជធានីភ្នំពេញ ថ្វីត្បិតតែពុំមាន ផ្ទៃដីទំនេរ មានទំហំធំសម្រាប់ដាំឈើ ជាចម្ការក៏ពិតមែន តែពិធីនេះតែងត្រូវបានប្រារព្ធ ធ្វើឡើង ជារៀងរាល់ឆ្នាំ ដូចបណ្តាខេត្តនានាទូទាំងប្រទេសដែរ លើកលែងតែឆ្នាំ២០២០ និង ២០២១ ដែលពិធីនេះ ត្រូវអាក់ខាន ដោយសារការឆ្លងរាលដាល នូវជំងឺកូវីដ-១៩ ។

ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវ វិធានការនានា រួមទាំងវិធានការ ៣កុំ និង ៣ការពារ ដើម្បីទប់ស្កាត់ ការពារការឆ្លងរាលដាល ជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ រហូតធ្វើឱ្យប្រទេសកម្ពុជា បានរួចផុតពី វិបត្តិនៃជំងឺរាតត្បាតនេះ ។

ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពបណ្តុះកូនឈើ និងចែក ចាយកូនឈើ ជូនសាធារណជន អង្គភាពសាធារណៈសាលារៀន វត្តអារាម សម្រាប់យក ទៅដាំ ត្រូវបានអនុវត្ត ជាធម្មតា ស្របតាមរដូវកាលដាំដុះ មិនមានការអាក់ខានឡើយ ដោយគ្រាន់តែមិនមានការជួបជុំគ្នា ប្រារព្ធពិធីប៉ុណ្ណោះ។

លោក ឃួង ស្រេង បានបន្តទៀតថាៈ នៅភ្នំពេញ យើងបានត្រៀមដើមឈើ ចំនួន ២ សែនដើម ដើម្បីដាំនៅឧទ្យាន ។

សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងការពិនិត្យ មើលថែដើមឈើ គ្រប់ប្រភេទ ដែលយើងបានដាំរួច ព្រោះមានមនុស្សខ្លះ លួចសម្លាប់ ដើមឈើរបស់យើង។

នេះជាបញ្ហាមួយ ដែលយើងត្រូវតែយកចិត្តទុកដាក់ មើលថែដើមឈើ ឱ្យបានម៉ត់ចត់។ លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានមានប្រសាសន៍ថាៈ រុក្ខទិវា ត្រូវប្រារឰធ្វើឡើង នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។

ការរៀបចំពិធីអបអរសាទរ ទិវាដាំដើមឈើ ជាប្រពៃណីជាតិ ឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ បានកំណត់យកបរិវេណ វត្តឆ្លៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ប្រារព្ធពិធី ។

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ពិធីដាំដើមឈើ អបអរសាទរពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៩ ត្រូវបានធ្វើឡើងនៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) តែសម្រាប់ពិធីឆ្នាំនេះ យើងដាំដើមឈើចម្រុះប្រភេទ (មានគ្រញូង ធ្នង់ នាងនួន បេង គគីរ ឈើទាល គីនីន ច្រេស កកោះ សាគូរ៉ា ត្នោត ក្ងោក អំពិលបារាំង ឥន្ទនេល រាំងភ្នំ រាំងទឹក និងដើមពោធិ៍) សរុបចំនួន ១ ០៧២ ដើម ។

លើសពីនេះ យើង បានដាំដើមឈើ ចំនួន ៣.១១៦ ដើមទៀត នៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខណ្ឌរដ្ឋបាលព្រៃឈើ ភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់

និងនេសាទ រាជធានីភ្នំពេញ បានបណ្តុះកូនឈើ ជាច្រើនប្រភេទ ចំនួនប្រមាណ ៣០.០០០ ដើម ក្នុង១ឆ្នាំ សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកជូន ប្រជាពលរដ្ឋ យកទៅដាំ ដែលសម្រាប់ឆ្នាំ២០២២ ដោយគិតត្រឹមដំណាច់ខែមិថុនានេះ

យើងមានកូនឈើ ទុកត្រៀមសម្រាប់ចែកជូនដល់សាលារៀន វត្តអារាម សាលាខណ្ឌ គ្រឹះស្ថានសាធារណៈ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០.០០០ ដើម៕

ដកស្រង់ពី៖ រស្មីកម្ពុជា