បណ្តាញសង្គម

កម្ពុជានឹងពិនិត្យលើផលិតផលមីកញ្ចប់នាំចូលពីវៀតណាម ក្រោយអឺរ៉ុបរកឃើញផ្ទុកសារធាតុហាមឃាត់លើសកម្រិត

(ភ្នំពេញ)៖ ជាវិធានការឆ្លើយតប ក្រោយសហភាពអឺរ៉ុប បានរកឃើញផលិតផលមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួន មានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត ភាគីប្រទេសកម្ពុជានឹងធ្វើការពិនិត្យលើផលិតផលមីកញ្ចប់វៀតណាមប្រភេទនោះ។

បើតាមលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ក្នុងករណីរកឃើញ មីកញ្ចប់ប្រភេទនោះ កំពុងចរាចរណ៍ទីផ្សារនៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក ផាន អូន បានឲ្យដឹងថា «ទាក់ទងនឹងសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត យើងក៏បានប្រជុំជជែកគ្នា កាលពីម្សិលមិញ ដើម្បីពិនិត្យមើលលើវិធានការចំនួន៣ ក្នុងការអនុវត្ដ ក្រោយខាងសហភាពអឺរ៉ុប បានរកឃើញនៅក្នុងមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាម»។

បន្ថែមពីនោះទៀត លោក ផាន អូន បានឲ្យដឹងថា តាមការស្រាវជ្រាវរបស់អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា ការនាំចូលមីកញ្ចប់ មានរយៈពេលយូរមកហើយ ដូច្នេះដើម្បីជាវិធានការបង្ការ អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់មន្ដ្រីចុះត្រួតពិនិត្យ ថាតើមីកញ្ចប់ប្រភេទនោះ មានការធ្វើចរាចរណ៍ នៅក្នុងប្រទេសកម្ពុជាដែរ ឬទេ។

អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ថា បើសិនជារកឃើញមីកញ្ចប់ប្រភេទនោះ កំពុងចរាចរណ៍ទីផ្សារ នៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់។

លោក ផាន អូន បានបន្ថែមថា អគ្គនាយកដ្ឋាន ក.ប.ប នឹងសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីដាក់ជាទំនិញមីកញ្ចប់ប្

រភេទនោះ ជាទំនិញមានហានិភ័យ ដោយត្រូវមានការបញ្ជាក់វិញ្ញាបនបត្រ ដែលបញ្ជាក់ថា គ្មានសារធាតុអេទីឡែនអុកស៊ីត។ សូមបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ បានចេញការព្រមានចំពោះផលិតផលមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួន ដែលមានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត។

នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា អាជ្ញាធរអនាម័យ និងភូតគាមអនាម័យ និងស៊ើបអង្កេតវៀតណាម (SPS) ស្ថិតក្រោមក្រសួងកសិកម្ម

និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ខ្លួនបានទទួលការព្រមានពីសហភាពអឺរ៉ុប ទាក់ទងនឹងផលិតផលមីកញ្ចប់មួយចំនួន ដែលនាំចេញដោយក្រុមហ៊ុនវៀតណាម។

ប្រទេសអាឡឺម៉ង់ បានចេញការព្រមានអំពីផលិតផលមីកញ្ចប់ ដែលមានរសជាតិសាច់មាន់ ដែលផលិតដោយក្រុមហ៊ុន Asiafoods Corporation ដោយសារមានផ្ទុកកម្រិតអេទីឡែនអុកស៊ីតខ្ពស់ ជាងស្តង់ដារសហភាពអឺរ៉ុប៕

ដកស្រង់ពី៖ Fresh News